កំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាប ករណីក្លែងឯកសាររដ្ឋបាលខេត្តកំពង់ធំ។ នៅថ្ងៃទី ១៦-១៧ ខែ មិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងស្ថិតក្នុងភូមិសាស្ត្រស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោមដឹកនាំ
បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ប្រាសាទសំបូរ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ៖ ១.ឈ្មោះ ខេង ខែម ភេទ ប្រុស អាយុ ៤៣ ឆ្នាំទីលំនៅភូមិ ប្រឡាយ ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាអ្នកក្លែងឯកសាររដ្ឋបាលខេត្តកំពង់ធំ បង្កើតក្រុមឌឺបេរបស់ខេត្ត រួមទាំងក្លែងលិខិតជាច្រើនទៀត ដោយខ្លួនឯង (រូបភាព កាត់ហត្ថលេខា ត្រា ) មកបិទលើឯកសារក្លែង ហើយទៅប្រើប្រាស់ធ្វើសកម្មភាព ដើរទារលុយពីអ្នកដឹកអុស ដឹកឈើ តាមឡាន តាមគោយន្តក្នុងភូមិ សាស្ត្រស្រុក សណ្តាន់ ស្រុក ប្រាសាទសំបូរនិងស្រុក សន្ទុក ខេត្តកំពង់ធំ (តាំងខ្លួនជាប្រធានឌឺបេខេត្ត) ។ ២.ឈ្មោះ អឿន នឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំទីលំនៅភូមិ ទំនប់ ឃុំស្រើង ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ជាអនុប្រធានឌឺបេ(អ្នកប្រើប្រាស់លិខិត)។ ៣.ឈ្មោះ នុត ខា ភេទ ប្រុស អាយុ ៦៣ ឆ្នាំទីលំនៅភូមិ សែនអភិវឌ្ឍន៍ ១ ឃុំ ទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាសមាជិក ឌឺបេ (អ្នកប្រើប្រាស់) ។
សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖លិខិតរដ្ឋបាលខេត្ត ស្តីពីការបង្កើតក្រុមឌឺបេចំនួន ៧ ច្បាប់ (៧នាក់) :លិខិតរដ្ឋបាលខេត្ត អនុញ្ញាតឲ្យឈ្មោះ សួន ជាតិ ឈួសឆាយដី, លិខិតរដ្ឋបាលខេត្តអនុញ្ញាត ឲ្យឈ្មោះ ធួន តុងហេង ទិញ-លក់ ដឹកជញ្ជូនឈើ, ឯកសារ លិខិតក្លែង ជាច្រើនមុខទៀត។
ប្រភពព័ត៌មានបន្តឲ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យ និងសំណុំរឿងរួមទាំងវត្ថុតាងខាងលើទៅសាលាដំបូងខេត្តកំពង់ធំ៕
ដោយ៖កូឡាប