ព្រះសីហនុ៖ ក្នុងកិច្ចប្រជុំជាមួយបងប្អូនលក់ដូរចល័ត តាមរទេះ ឡាន កង់បី ជាដើម លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ដាច់ខាត មិនឲ្យបងប្អូនប្រជាពលរដ្ឋលក់ដូរអនាធិបតេយ្យលើផ្លូវ និងចំណីផ្លូវ ទីសាធារណៈ ក្នុងក្រុងព្រះសីហនុបន្តទៀតទេ ដោយទុកពេលឲ្យរហូតដល់ត្រឹមថ្ងៃអាទិត្យសប្តាហ៍នេះ ពីព្រោះបាត់បង់សោភ័ណភាព អនាម័យ បរិស្ថាន ក្នុងទីក្រុងដ៏សុីវិល័យមួយនេះ ករណីមិនអនុវត្តតាម នឹងចាប់យកមករក្សាទុកនៅសាលាក្រុង ។
លោកបានបន្តថា អ្នកលក់ដូរសម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ ទាំងនេះ បានប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បី និងឡាន ចតលក់ដូរលើដងផ្លូវ លើចិញ្ចើមផ្លូវ តាមឆ្នេរ និងទីតាំងសាធារណៈ បានបង្កការលំបាក បង្កឲ្យស្ទះចរាចរ និងអាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ គ្មានសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បាត់បង់សោភ័ណ ភាពទីក្រុង ការលក់ដូរ មិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ បង្កផលប៉ះពាល់បរិស្ថាន។
នៅរសៀល ថ្ងៃពុធ ១៧ មិថុនា ២០២០ នៅសាលាក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិធានការដល់អ្នកលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ ដែលប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បី និងឡាន នៅតាមដងផ្លូវ ដីចិញ្ចើមផ្លូវ ដីឆ្នេរ និងទីតាំងសាធារណៈ ) ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ជាការកត់សម្គាល់ អ្នកលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ ទាំងនេះ បានប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បី និងឡាន ចតលក់ដូរលើដងផ្លូវ លើចិញ្ចើមផ្លូវ តាមឆ្នេរ និងទីតាំងសាធារណៈ ) បានបង្កការលំបាកជាច្រើនដូចខាងក្រោម៖ បង្កឲ្យស្ទះចរាចរ និងអាចគ្រោះថ្នាក់ចរាចរជាយថាហេតុ។ គ្មានសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ បាត់បង់សោភ័ណ ភាពទីក្រុង។ ការលក់ដូរ មិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ បង្កផលប៉ះពាល់បរិស្ថាន។ អ្នកលក់ដូរតាមរទេះរុញ ម៉ូតូកង់បី និងឡានចល័ត ទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុ ឬ ខេត្តព្រះសីហនុ នោះទេ ភាគច្រើនបំផុត គឺមកពីបណ្តាខេត្តផ្សេងៗ។ អ្នកលក់ដូរតាមម៉ូតូកង់បី និងឡានចល័ត ភាគច្រើន បានប្រាប់ថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បី និងក្នុងឡានចល័តរបស់ខ្លួន រីឯអ្នកខ្លះ បានប្រាប់ថាស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅ បើដូច្នោះដីចិញ្ចើមផ្លូវ ដីអូរ ដីឆ្នេរ ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែ ប្រាកដជាក្លាយជាមុខសញ្ញា សម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន។
អភិបាលក្រុងព្រះសីហនុ បានដាក់បទបញ្ជាថា ជាវិធានការចាប់ពីថ្ងៃចន្ទ ( ២២/មិថុនា/២០២០ ) រដ្ឋបាលក្រុង នឹងមិនអនុញ្ញាតឲ្យមានរទេះរុញ ម៉ូតូកង់បី និងឡានចល័ត យកដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និងទីតាំងសាធារណៈ ចតលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ នៅក្នុងក្រុងព្រះសីហនុ ទៀតនោះទេ។
ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុង នឹងប្រើវិធានការរដ្ឋបាល ចាប់មធ្យោបាយទាំងនោះ យកមករក្សាទុកនៅសាលាក្រុង ចាប់លើកទី១ រក្សាទុកចន្លោះ ១-២សប្តាហ៍ ចាប់លើកទី២ នឹងមិនប្រគល់ឲ្យវិញនោះទេ។
សូមបញ្ជាក់ជូន ៖ រដ្ឋបាលក្រុង មិនហាមឃាត់ចំពោះបងប្អូនដែលចង់ប្រកបអាជីវកម្ម ឬ ប្រកបមុខរបរនៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែសូមរកទីតាំងច្បាស់លាស់ និងស្របច្បាប់ ដើម្បីប្រកបអាជីវកម្ម មិនអាចយកដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និងទីសាធារណៈប្រកបអាជីវកម្មនោះទេ។
ជាចុងក្រោយ រដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹមជឿជាក់ថា បងប្អូននឹងចូលរួមអនុវត្ត និងបងប្អូនប្រជាពលរដ្ឋទូទៅ នឹងគាំទ្រវិធានការនេះ ដើម្បីក្រុងយើង កាត់បន្ថយការស្ទះចរាចរ មានសណ្តាប់ធ្នាប់ សោភណ្ឌភាព និងបរិស្ថានល្អ៕ ដោយ៖កូឡាប