ភ្នំពេញ យុវជនម្នាក់ទើបតែនឹងចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផង ស្រាប់តែរពិសដៃឡើងលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច តែជាអកុសលរបូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះឆន ណាវិន អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ក្រុមការងារ CEN ឱ្យដឹងថា នៅម៉ោងកើតហេតុពួកគាត់ កំពុងតែលង់លក់នឹងដំណេក ស្រាប់តែលើសំឡេងក្ដួក ពេលនោះគាត់ក៏បាននាំគ្នាចេញមកមើល ឃើញជនសង្ស័យដេកផ្កាប់មុខស្លាប់នៅកន្លែងកើតហេតុ ពួកគាត់នឹកថា ជនសង្ស័យបានឡើងលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ហើយក៏ឲ្យធ្លាក់មកតាមដង ព្រោះអីនៅម្ដុំកន្លែងនោះឧស្សាហ៍មានបាត់ដូចជា ម៉ូតូ និងទូរស័ព្ទដៃជាច្រើនលើកច្រើនសាមកហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីចុះមកពិនិត្យសាកសព
បើតាមសម្ដីរបស់ពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ជាជនរងគ្រោះ ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ កាលពីវេលាម៉ោង៧ ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាមឪពុកម្ដាយ ក៏បានរៀបចំកន្លែងឲ្យកូនដេកស្រាប់តែកូនបានចេញពីផ្ទះបាត់ រហូតដល់ម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋបានទៅប្រាប់គាត់ថា កូនប្រុសរបស់គាត់បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ពេលនោះគាត់ក៏បានមកដល់កន្លែងកើតហេតុ បានឃើញកូនប្រុសរបស់គាត់ បានដេកប្រកាប់មុខស្លាប់ពិតប្រាកដមែន។
លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌមានជ័យ ក៏បានសហការជាមួយសមត្ថកិច្ចកោសលវិច័យ ស្នងការរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព ទើបដឹងឲ្យដឹងថា សពជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីលើដំបូលផ្ទះ និងបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបូរមាស៕
ដោយ៖ផាន់ណា និងមីដា