ចិនបានធ្វើការដោះលែងទាហានឥណ្ឌាចំនួន ១០នាក់ ដែលត្រូវកងកម្លាំងចិនចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នានៅតំបន់ព្រំដែននៃភ្នំហិមាល័យ។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ បណ្តាលឲ្យទាហានឥណ្ឌាចំនួន ២០នាក់បានបាត់បង់ជីវិត។
ការដោះលែងទាហានឥណ្ឌា កើតឡើងក្រោយពេលមានការចរចាជាច្រើនសាររវាងភាគីទាំងពី ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការប៉ះទង្គិចគ្នានៅថ្ងៃចន្ទ។
មិនមានការបាញ់កាំភ្លើងនោះឡើយអំឡុងការប៉ះទង្គិច ដោយភាគីទាំងសងខាងប្រើតំបន់ និងដុំថ្មគប់ដាក់គ្នា។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា Press Trust បានចុះផ្សាយថា ទាហានឥណ្ឌាទាំង ១០នាក់នោះត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលឥណ្ឌាមិនបានធ្វើការអត្ថាធិប្បាយលើការដោះលែងនោះឡើយ ប៉ុន្តែយោធាឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ដោយនិយាយថា “យោធាឥណ្ឌាសូមបញ្ជាក់ថា មិនមានកងកម្លាំងឥណ្ឌាណាមួយបាត់ខ្លួនឡើយ ក្នុងពេលបំពេញភារកិច្ច។
ភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀង បន្ទាប់ពីមានការជជែកគ្នាកម្រិតឧត្តមសេនីយ៍ រវាងយោធាចិន និងកងកម្លាំងរំដោះប្រជាជនចិន។
ឥណ្ឌា និងចិនបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិច។ វាគឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP