កណ្ដាល៖ ក្រុមសមត្ថកិច្ចប៉ូលិសខេត្តកណ្តាល បានចាប់ខ្លួនបុរសម្នាក់ជាឪពុក ករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស លើកូនស្រីខ្លួនឯង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះជាកូនបង្កើតអាយុ៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យជាឪពុកបង្កើតឈ្មោះម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រុមសមត្ថកិច្ចបន្តទៀតថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសារប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើតរបស់ខ្លួនរួមភេទរហូតបានសម្រេច ។ រហូតមកដល់ម៉ោងប្រហែល ៨យប់ ពេលជីដូនជនរងគ្រោះត្រឡប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា ប៉ាបានចាប់ខ្ញុំរំលោភ ពេលឮដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហើយធ្លាប់រំលោភបានចំនួនបីដងមកហើយ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១ឆ្នាំមកហើយ៕
ដោយ៖កូឡាប