Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំ​បន្លែ​គ្មាន​ជាតិគីមី កំពុង​ប្រឈម​នឹង​កង្វះ​គ្រាប់ពូជ

​កំពង់ស្ពឺ​៖ កសិករ​ក្នុង​សហគមន៍​ដាំ​បន្លែ​ចម្រុះ គ្មាន​ជាតិគីមី​ជាយក្រុង​ច្បារមន​នៃ​ខេត្តកំពង់ស្ពឺ បាននិងកំពុង​ប្រឈម​នូវ​បញ្ហា​មួយចំនួន ជាពិសេស​កង្វះ​គ្រាប់ពូជ ដែល​ធ្វើឱ្យ​ការផលិត​ជួប​នូវ​ការលំបាក និង​ថយចុះ​ទិ​ន្ទ​ផល​ក្នុង​រយៈពេល​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២០ ពោលគឺ​ចន្លោះ​ខែឧសភា និង​ខែមិថុនា​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​បន្លែ​ចម្រុះ​ជាយក្រុង​ច្បារមន លោកស្រី យូ លន់ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ បញ្ហា​ប្រឈម​ខ្លាំង​គឺ​កង្វះ​គ្រាប់ពូជ​បន្លែ ដែល​តែងតែ​នាំចូល​មកពី​ក្រៅប្រទេស​ត្រូវបាន​ខកខាន​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ហើយ​មួយផ្នែក​ទៀត​នោះ​គឺ​ការ​បម្រែបម្រួល​អាកាសធាតុ ដោយ​រដូវ​នេះ​ជា​រដូវវស្សា ស្រប​ពេលដែល​គ្មាន​គ្រាប់ពូជ​នាំចូល​ផង​នោះ​។
​បច្ចុប្បន្ន​កសិករ​ប្រើ​គ្រាប់ពូជ​ក្នុងស្រុក ដែល​មិនសូវមាន​គុណភាព ព្រោះតែ​មិនអាច​នាំចូល​ពី​ក្រៅ​បាន ទើប​ការ​ទទួលផល​មិនសូវ​បាន​ច្រើន​ដូច​មុន ហើយ​តាម​ការរំពឹងទុក​រប​ស់​កសិករ​ថា នឹង​អាច​ប្រសើរ​ឡើងវិញ​ក្នុងអំឡុង​ខែកក្កដា​។​
​លោកស្រី បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​សហគមន៍​មានតែ​ក្រុមហ៊ុន​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​បានធ្វើ​កុងត្រា​ទទួល​ទិញ​កសិផល យកទៅដាក់​លក់​នៅ​ផ្សារ​ទំនើបៗ​នៅ​ទីប្រជុំជន ក្រៅ​នោះ​ជិត​១០ អតិថិជន​ទៀត ជា​លក្ខណៈ​ឯកជន និង​ម្ចាស់​ហាង​លក់​បន្លែ​សរីរាង្គ និង​ធម្មជាតិ ដែល​ទីផ្សារ​ភាគច្រើន​គឺ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប​។ រីឯ​ក្រុងព្រះសីហនុ​មិនមាន​ការបញ្ជាទិញ​ទេ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។​

​គួរ​បញ្ជាក់ថា កសិករ​នៅក្នុង​សហគមន៍​នេះ មាន​ចំនួន ២២០​គ្រួសារ រស់នៅក្នុង​ស្រុក​ចំនួន​៤ គឺ​ស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច ស្រុក​ឱ​រ៉ា​ល់ និង​ក្រុង​ច្បារមន​។ បន្លែ​ដែល​សហគមន៍​ដាំ​សព្វថ្ងៃ មាន​ចំនួន​២៤​ប្រភេទ គឺមាន បន្លែ​ស្លឹក ១០​ប្រភេទ និង​ប្រភេទ​បន្លែ​ផ្លែ ១៤​ប្រភេទ​។ ក្នុងនោះ ប្រភេទ​បន្លែ​ស្លឹក​ក្នុង​១​គីឡូក្រាម តម្លៃ​ពី ៤​ពាន់ ទៅ​៥​ពាន់​រៀល និង​ប្រភេទ​បន្លែ​ផ្លែ​ក្នុង​១​គីឡូក្រាម តម្លៃ​ពី ៤​ពាន់ ទៅ​៦​ពាន់​រៀល ហើយ​តម្លៃ​នេះ​ឡើង​ចុះទៅ​តាម​រដូវ​កាល និង​តាម​ការព្រមព្រៀង រវាង​សហគមន៍ និង​ក្រុមហ៊ុន​៕
​ដោយ​៖CEN


×