កោះកុង៖ ហេតុការដ៏គួរឲ្យរន្ធត់ បានកើតឡើង នៅវេលាម៉ោង ៧និង២៥ នាទីព្រឹក នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២២០ នៅចំណុចសណ្ឋាគារអាស៊ាន ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានបុរសម្នាក់ធ្លាក់ពីលើសណ្ឋាគារអាស៊ាន ជាន់ទី៣ កំពស់ ១០ ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។
ក្រោយពីបានទទួលពត៌មាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ។
ក្រោយពិនិត្យរួច បានបញ្ជាក់ថា ៖ សាកសពមានស្នាមរបួស បែកក្បាលខាងក្រោយប្រវែង ៥ស.ម និងជំរៅ ១,៥ ស.ម ហូរឈាមតាមច្រមុះ ត្រចៀក បាក់ឆ្អឹងជំនីខាងឆ្វេង និងខៀវភ្នែកទាំងសងខាង។
តាមការបំភ្លឺ ពីភរិយាសព បានឲ្យដឹងថា ក្រុមគ្រួសាររបស់ខ្លួនមានគ្នាចំនួន ៤ នាក់ បានធ្វើដំណើរមកកំសាន្ត និងស្នាក់នៅសណ្ឋាគារខាងលេី ដោយជនរងគ្រោះដែលជាប្តីមានឈ្មោះ វណ្ណ ព្រឹក្សា ភេទប្រុស អាយុ៤៥ឆ្នាំ ខ្មែរ មុខរបរយោធា ទីលំនៅខណ្ឌមានជ័យ ភ្នំពេញ មានជម្ងឺប្រចាំកាយលើសឈាម ហើយកាលពីយប់មិញ ជនរងគ្រោះ បានពិសារស្រាជាមួយបងប្អូន នៅមាត់សមុទ្រ រហូតដល់ម៉ោង ២និង០០ រំលងអាធ្រាត ទើបចូលបន្ទប់សណ្ឋាគារវិញ លុះដល់ព្រឹកឡើង ជនរងគ្រោះបានមកឈរនៅវេរ៉ង់ដាមុខបន្ទប់ រួចធ្លាក់មកក្រោម៕ ដោយ៖កូឡាប