Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ប្រើប្រាស់​ពេលវេលា​ជិត ​១០​ម៉ោង ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ជាង ​១០០​ករណី

spot_img

ពោធិ៍សាត់​៖ ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម ប្រមាណ​ជា​១០៧​ករណី​ផ្សេងគ្នា ត្រូវបាន​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយ​ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅតាម​លទ្ធភាព​ជាក់ស្តែង ក្នុង​វេទិកា «​សមាជ​» ដែល​ធ្វើឡើង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត ជាមួយនឹង​ប្រជាជន ចាប់ពី​វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៤ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់​។​

​កិច្ច​ដំណោះស្រាយ​ខាងលើនេះ «​សមាជ​» បានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ អភិបាលក្រុង​ស្រុក​ទាំង​៧ អាជ្ញាធរ​ឃុំ និង​ភាគី​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ​។​

​បើតាម​លោក គឹម ចន្ថា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ របស់​ឯកឧត្តម ម៉ៅ ធនិន នា​និច្ច​ជា​កាល គឺ​ស្របទៅតាម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​លទ្ធផល​ឱ្យ​គ្រប់ភាគី​ទាំងសង្ខាង ឈ្នះ​ទាំងអស់គ្នា ដោយ​គ្មាន​អ្នកចាញ់​។ ក្នុង​យន្តការ​ដឹកនាំ​ខេត្ត​បាន​ជាង​៦​ឆ្នាំ​មកនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តោត​សំខាន់​ទៅលើ​ភាពយុត្តិធម៌ គ្មាន​លំអៀង ព្រមទាំង​បានលើកឡើង​ថា «​អ្នកយក​ដី​គេ ត្រូវ​ឱ្យគេ​វិញ​, អ្នក​ជំពាក់​លុយ​គេ ត្រូវ​សង​គេ​, បើ​អត់​ត្រូវសុំ​គេ ទោះបីជា​មានការ​លើសលោះ​យ៉ាងណាក្តី យើង​ត្រូវតែ​មានគំនិត​ចូលរួម​បញ្ចប់រឿង​ទាំងអស់​គ្មា ជាពិសេស​ត្រូវ​ចងចាំ​ថា ការ​យល់យោគ​អធ្យាស្រ័យ សន្តោស​ប្រណី​គ្នា​ទៅវិញទៅមក​ជា​លក្ខណៈ​គ្រួសារ គឺមាន​តាំងតែ​ពី​ដូនតា​យើង​មកម្ល៉េះ​»​។​

​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ បាន​បន្ថែមថា សម្រាប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ចាប់តាំងពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៤ និង​៤៥​នាទី​ល្ងាច​, ឯកឧត្តម ម៉ៅ ធនិន បាន​ប្រើប្រាស់ និង​បំពេញ​តួនាទី ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​ខិតខំ​សម្របសម្រួល និង​ដោះស្រាយ​នូវ​រាល់​ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​កើតមាន បាន​១០៧​ករណី ដែល​ភាគច្រើន​ត្រូវបាន​ដោះស្រាយ​បញ្ចប់ និង​មួយចំនួនទៀត​ត្រូវបាន​បន្ត​ដោះស្រាយ​នៅពេល​ក្រោយ​។ ក្នុង​កិច្ច​ដំណោះស្រាយ​នោះ​ផងដែរ ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ បានទទួល​ទាន​មី​កញ្ចប់ ពោត​ស្ងោរ នំ​ប៉ាវ ទឹកក្រូច និង​ទឹកបរិសុទ្ធ ជា​អាហារសម្រន់​បន្ត​រងចាំ​ដោះស្រាយ ទៅតាម​សំណុំរឿង​នីមួយៗ​។​

​លោក គឹម ចន្ថា បាន​បន្ថែមទៀតថា ពេលខ្លះ​សំណុំរឿង​ដែល​ដោះស្រាយ​នៅ​សាលាខេត្ត​មិនទាន់​ចប់ ឯកឧត្តម ម៉ៅ ធនិន បាន​ចារ​លិខិត​នោះ ទម្លាក់​ទៅ​អាជ្ញាធរ​ស្រុក​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ ក្នុង​រយៈពេល​៧​ថ្ងៃ ប្រសិនបើ​ស្រុក​ក្រុង​នោះ​ដោះស្រាយ​មិន​ចេញ លោក​នឹង​ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ ចុះទៅ​ដោះស្រាយ​នៅ​ទីតាំង​ជម្លោះ​ផ្ទាល់​តែម្ដង​។​

​ការ​ខិត​ប្រឹងប្រែង​ក្នុងការ​ដឹកនាំ និង​ដោះស្រាយ​ទំនាស់ បានធ្វើឱ្យ​ប្រជាពលរដ្ឋ ស្រលាញ់​ពេញចិត្ត និង​គាំទ្រ ឯកឧត្តម ម៉ៅ ធនិន ជា​អភិបាលខេត្ត​ពោធិ៍សាត់ ជា​រៀងរហូត​។ ជាមួយគ្នា​នោះ ពួកគាត់​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ផ្តល់ជូន​អភិបាលខេត្ត​ដ៏​ល្អ មក​ដឹកនាំ និង​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×