ក្រុងព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សង្កេតឃើញថាប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តផ្សេងៗ មកប្រកបអាជីវកម្ម នៅក្នុងក្រុងព្រះសីហនុ ដោយប្រើមធ្យោបាយម៉ូតូកង់បី និងឡានច្នៃ ដាក់លក់សម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ សំពីងសំពោង ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង បានចាក់ចេញពីទីក្រុងព្រះសីហនុ បណ្តើយៗ ហើយ តាមផ្លូវជាតិលេខ៤។
លោកសោម ភ័ក្រត្រា បាន សរសេរពាក្យមួយឃ្លា បង្ហោះលើហ្វឹសប៊ុកថា លាហើយក្រុងខេត្តព្រះសីហនុ .!។ ក្រោយពីរដ្ឋបាលក្រុងព្រះសីហនុចេញបម្រាមមិនឲ្យពលរដ្ឋលក់ដូរទំនិញតាមរុឺម៉កឬរថយន្តលើផ្លូវសាធារណៈក្នុងក្រុង ឃើញពលរដ្ឋអ្នកប្រកបរបរនេះមួយចំនួនដែលចល័តមកពីខេត្តផ្សេង បាននាំយករុឺម៉កឬរថយន្តលក់ទំនិញចល័តនេះ វិលត្រឡប់ទៅស្រុកនិងខេត្តដែលរស់នៅវិញជាបន្តបន្ទាប់។ លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុតាមរយៈបណ្តាញផ្សព្វផ្សាយបានថ្លែងអំណរគុណដល់ពលរដ្ឋមួយចំនួនដែលយល់ពីវិធានការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងព្រះសីហនុ ហើយចូលរួម។ បើតាមលោកអភិបាលក្រុងថ្លែងថា ពលរដ្ឋដែលចល័តពីខេត្តផ្សេង មួយចំនួនបានលក់ដូរនិងស្នាក់នៅលើរុឺម៉កឬរថយន្តចតតាមទីសាធារណៈដូចជានៅសួនច្បារបេនឡានអតីតមហោស្រពជាដើម ក្នុងនោះខ្លះបន្ទោបង់ តូច ធំនៅកន្លែងនោះប៉ះពាល់បរិស្ថានផងដែរ។
ទោះជាយ៉ាងនេះក្តីលោកអភិបាលក្រុងបញ្ជាក់ថា ពលរដ្ឋទាំងអស់មានសិទ្ធិប្រកបអាជីវកម្មលក់ដូរសព្វបែបយ៉ាង តាមទីកន្លែងសមគួរ ក្រៅពីផ្លូវឬទីសាធារណៈសម្រាប់មហាជន។
ជូនពរបងប្អូនប្រជាពលរដ្ឋក្រីក្រ សុំត្រឹមតែមួយរស់ ដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដែលលក់ដូរតាមរុឺម៉ក រទះ សុខសប្បាយតាមផ្លូវ ក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញនាថ្ងៃទី១៩ មិថុនា ២០២០នេះ ។ នៅលើលោកនេះអ្នកណាចង់ក្រ។
លោកថា ខ្ញុំសរសេរពាក្យមួយឃ្លា បង្ហោះជូនពរ បងប្អូនពលរដ្ឋ ក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយថាខ្ញុំញុះញង់ ពេលនេះក៏បានកែសម្រួលអត្ថបទហើយដែរ សូមអរគុណ ទទួលស្គាល់ថាពួកគាត់មួយចំនួនលក់ដូរបែបនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ហើយក៏មិនបានប្រឆាំងនោះដែរសូមទានជ្រាប។
បើតាមផេកហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនថា យើងមានការសោកស្ដាយ ចំពោះការបង្ហោះរបស់បុគ្គល សោម ភ័ក្រត្រា ដែលបង្ហោះអត្ថបទគ្មានមូលដ្ឋានច្បាស់លាស់ក្នុងន័យ ធ្វើឲ្យមហាជនទូទៅមានការយល់ច្រឡំ មានចរិកញុះញង់។
សូមបញ្ជាក់ថា កន្លងមកយើងបានឃើញការយោគយល់ ដល់បងប្អូនដែលប្រកបរបរតាមរ៉ឺម៉ក់ជាដើម តែស្នើសុំអោយពួកគាត់ ចូលរួមសហការ លក់នៅចំណុចដែលមិនប៉ះពាល់ដល់ ចិញ្ចើមផ្លូវ ការធ្វើដំណើរ និងរក្សាបានអនាម័យបរិស្ថាន ។
ការផ្លាស់ប្ដូរកន្លែងលក់ដូរ ជាការសម្រេចចិត្ត និងជាសិទ្ធរបស់អាជីករខ្លួនឯង ពុំពាក់ព័ន្ធនឹងការរឹតត្បិតណាមួយពីអាជ្ញាធរនោះឡើយ។
សូមរំលឹកជូនថា៖ នៅថ្ងៃពុធ ១៧ មិថុនា ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិធានការដល់ប្រជាពលរដ្ឋ ដែលប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បី និងឡានឆ្នៃ ដែលតែងតែចតលើដងផ្លូវ លើចិញ្ចើមផ្លូវ តាមឆ្នេរ និងទីតាំងសាធារណៈ ដើម្បីដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារ ត្រី សាច់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ឲ្យបញ្ឈប់ការយកដងផ្លូវ ចិញ្ចើមផ្លូវ ចំណីឆ្នេរ និងទីសាធារណៈ ចតលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រី សាច់ ទៀត។
ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុង នឹងប្រើវិធានការរដ្ឋបាល ចាប់មធ្យោបាយទាំងនោះ យកមករក្សាទុកនៅសាលាក្រុង ចាប់លើកទី១ រក្សាទុកចន្លោះ ១-២សប្តាហ៍ ចាប់លើកទី២ នឹងមិនប្រគល់ឲ្យវិញនោះទេ។
រដ្ឋបាលក្រុង មិនហាមឃាត់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ប្រកបអាជីវកម្ម ឬ ប្រកបមុខរបរទាំងនេះ នៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែសូមរកទីតាំងច្បាស់លាស់ និងស្របច្បាប់ ដើម្បីប្រកបអាជីវកម្ម មិនអាចយកដងផ្លូវ ចិញ្ចើមផ្លូវ ចំណីឆ្នេរ និងទីសាធារណៈប្រកបអាជីវកម្មនោះទេ។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋ ដែលប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បី និងឡានឆ្នៃ ដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ ចតលក់ដូរលើដងផ្លូវ លើចិញ្ចើមផ្លូវ តាមឆ្នេរ និងទីតាំងសាធារណៈ ) បានបង្កការលំបាកជាច្រើនដូចខាងក្រោម៖ បង្កឲ្យស្ទះចរាចរ និងអាចគ្រោះថ្នាក់ចរាចរជាយថាហេតុ។ គ្មានសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ បាត់បង់សោភណ្ឌភាពទីក្រុង។ ការលក់ដូរ មិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ បង្កផលប៉ះពាល់បរិស្ថាន។ អ្នកលក់ដូរតាមរទេះរុញ ម៉ូតូកង់បី និងឡានចល័ត ទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុ ឬ ខេត្តព្រះសីហនុ នោះទេ ភាគច្រើនបំផុត គឺមកពីបណ្តាខេត្តផ្សេងៗ។ អ្នកលក់ដូរតាមម៉ូតូកង់បី និងឡានចល័ត ភាគច្រើន បានប្រាប់ថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បី និងក្នុងឡានចល័តរបស់ខ្លួន រីឯអ្នកខ្លះ បានប្រាប់ថាស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅ បើដូច្នោះដីចិញ្ចើមផ្លូវ ដីអូរ ដីឆ្នេរ ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែ ប្រាកដជាក្លាយជាមុខសញ្ញា សម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន៕ ដោយ៖កូឡាប