ព្រំដែនកម្ពុជាថៃ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃ ចំនួន ៤៥នាក់ និងពលរដ្ឋថៃចាកចេញមានចំនួន ១៧នាក់។
ដោយឡែកពលករខាងលើ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកពី ខេត្តសុងខ្លា ភាគខាងត្បូង នៃប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ អំពីច្បាប់ឆ្លងកាត់ព្រំដែន និងការទប់ស្កាត់ ការពារជម្ងឺឆ្លង Covid-19 បន្ទាប់មកប្រគល់ជូនក្រុមចត្តាឡីស័ក យកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគាត់បន្ត។
ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។
ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។
ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៤៨នាក់ ស្រី ២២នាក់ និងពលរដ្ឋថៃចាកចេញមានចំនួន ១នាក់ ស្រី មានឯកសារចេញពីស្ថានទូតថៃ និងលិខិតបញ្ជាក់សុខភាព៕
ដោយ៖កូឡាប