Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ មាន​មនុស្ស​ស្លាប់​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឯ​នគរបាល​ចរាចរ​ណ៍ ត្រួតពិនិត្យ និង​ផាកពិន័យ លើ​យានយន្ត​ចំនួន ៩៥៣​គ្រឿង​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន​២​លើក នាពេល​យប់ បណ្តាលឱ្យ​មនុស្ស​ស្រី​ស្លាប់​២​នាក់ ដោយសារតែ​បើកបរ​មិន​ប្រកាន់​ស្តាំ និង​របួស​សរុប​៤​នាក់ ស្រី​៣​នាក់ ក្នុងនោះ​របួសធ្ងន់​ស្រី​ម្នាក់ ។ មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​លើស​ល្បឿន មិន​ពាក់មួក​សុវត្ថិភាព មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ស្រវឹង ប្រជែង​គ្រោះថ្នាក់​។​

​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ៩៥៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦៦១​គ្រឿង ។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ដោយឡែក​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​២០ ខែមិថុនា ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​សរុប​ចំនួន ២៣០៩៦​គ្រឿង ល្មើសច្បាប់ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៧១៦៦ គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល ២០​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា ជិះ​បញ្ច្រាស ដឹក​លើស​ទម្ងន់ និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ពាក់​ខ្សែក្រវាត់ ល្មើស​សញ្ញា ដឹក​លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ អត់​ស្លាក​លេខ ជាដើម​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ រយៈពេល​កន្លងមកនេះ ជាពិសេស​កោតសរសើរ និង​អរគុណ​ដល់​នគរបាល​ចរាចរណ៍ ដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​៕​

ដោយ៖កូឡាប

 

×