Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ទទួល​អគារ​ស្នាក់​ក​ណ្តា​ល​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ​៖ ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​-​ទទួល​សំណង់​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ( គ ៨៥ ) ដែល​បានចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី ១១ ខែ​វិច្ចិកា ឆ្នាំ​២០១៨ និង​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៥៨៨​ថ្ងៃ​និង ទទួល​សាងសង់ ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប តំណាង​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​។​

អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​សង់​ឡើងនៅលើ​ផ្ទៃដី​ទីតាំង​អគារ​គណបក្ស​ចាស់ ដែលមាន​ទំហំ​ដី​ប្រមាណ ១,៦​ហិកតា ដែលមាន​កម្ពស់​៥​ជាន់​។ ទំហំ​សំណង់​អគារ​គឺ​ប្រមាណ ៥០.០០០​ម៉ែត្រក្រឡា ដែល​ពេលនេះ​សាងសង់​បាន​៩៥%​ហើយ​។ អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ត្រូវបាន​សាងសង់ឡើង​រំលេច​ដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​សោភ័ណ​ភាពល្អ​ប្រណិត​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន​។​

​ការកសាង​អគារ​នេះ​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ។ អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ​, ទទឹង​៧៤ ម៉ែត្រ​, កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាងមុខ​រហូត​ទៅដល់​កំពូល​ពេជ្រ មាន​កម្ពស់​៤៨​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង​៥០០​ចំណត និង​ទីធ្លា​មុខ​អាគារ​សម្រាប់​មហាជន​យើង​អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង​។ នៅ​ជាន់​លើ​គឺមាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬក៏​មិ​ទ្ទិញ​បាន​ចំនួន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​

​អគារ​នេះ​មាន​កម្ពស់​៥ ជាន់ ដោយមាន​សាល​បដិសណ្ឋារកិច្ច ដែលមាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ពាន់​ម៉ែត្រក្រឡា ដែល​អាចដាក់​មនុស្ស​អង្គុយ​បាន​ប្រមាណ​ជាង​៤.០០០​នាក់​, មាន​អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អាគារ ដែល​អាចដាក់​មនុស្ស​បាន​ចំនួន​១២០​នាក់​ក្នុង​មួយពេល​។ អគារ​នេះ​មាន​បន្ទប់​សោតទស្សន៍ បន្ទប់​កាត់សក់ បន្ទប់​រដ្ឋបាល មាន​បន្ទប់​សម្រាប់​ជនពិការ មាន​បន្ទប់​ឃ្លាំង មាន​បន្ទប់​សម្រាប់​កង​ការពារ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​បន្ទប់​ប្រជុំ​អន្តរជាតិ មាន​ការិយាល័យ​សម្រាប់​សម្រាក និង​ការិយាល័យ​សម្រាប់​សម្ដេច​ប្រធានកិត្តិយស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈអចិន្ត្រៃយ៍ ការិយាល័យ​ដែលជា​សាល​សមាជិក​អចិន្ត្រៃយ៍ និង​បន្ទប់​ទទួលទាន​អាហារ​។ អគារ​នេះ​ក៏មាន​សាល​លៀង​យ​ភោជន៍​ដាក់​មនុ​ស្សបាន​១៥០​នាក់ និង​បន្ទប់​រៀបចំ​អាហារ​។ ចំណែក​នៅ​ជា​ន់ទី​៥ មាន​សាលប្រជុំ​ធំ ដែលមាន​ចំនួន​កៅអី​អាចដាក់​បាន​ប្រមាណ ៣.៤៧៤ នាក់ មា​នទី​សម្រាក​នៅ​សងខាង​ដែល​អាចដាក់​មនុស្ស​បាន ៣៤៧០ នាក់​ផងដែរ​។​
​ចំពោះ​សោភ័ណភាព​នៃ​ការ​ឌី​ហ្សា​ញ​អគារ​នេះ​ជារួម​គឺមាន​រចនាបថ​ថ្មី​ហៅថា រចនាបថ​រួម​សម័យ​ដោយសារ​មាន​រចនាបទ​បី​រួម​ចូលគ្នា​គឺ ទី​១)​រចនាបថ​ប្រាសាទអង្គរវត្ត ទី​២) រចនាបថ​បន្ទាយស្រី និង​ទី​៣) រចនាបថ​កណ្ដាល ហើយ​បានរួម​បញ្ចូល​គ្នា​យើង​ហៅថា “ រចនាបថ​រួម​សម័យ​” ។ វត្តមាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​គឺ​បង្ហាញឱ្យឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគតកាល​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​អគារ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕​

ដោយ៖កូឡាប

×