ក្រុងបាត់ដំប៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា មតិដឹកនាំជំនាញរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នាវេលាម៉ោង ៦និង៥ នាទីភ្លឺនេះ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមគ្នាជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី (ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ) មិនបានសម្រេចដោយ (យកកាំបិតចាក់ទៅលើជនរងគ្រោះ) មួយករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់)។ ២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាបក្ខពួក)។ ដកហូតសម្ភារភស្តុតាងមាន៖ ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូ កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១ ខោខូវប៊យជើងវែងជារបស់ជនរងគ្រោះចំនួន១។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះ គឺមានជនរងគ្រោះឈ្មោះនឿន រ៉ាឌី ភេទ ប្រុសអាយុ ២៩ ឆ្នាំ (ជាភេទទី៣) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង្ស័យធ្វើសកម្មភាព (ចាក់លើដងខ្លួនជាច្រើនកាំបិត) បណ្តាលឱ្យទទួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅពេលដែលជនរងគ្រោះស្រែកឆោឡោផ្អើល ដល់អ្នកជិតខាងឱ្យជួយរួចមក ។ ក្នុងពេលធ្វើសកម្មភាពនិងកំពុង ផ្អើលឆោឡោនេះ ជនសង្ស័យបានធ្វើសកម្មភាពរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូតដល់ពេលនេះ ជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថា តាមរយៈសកម្មភាពខាងលើនេះ និងឆ្លងតាមរយៈការ ចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការ និងលោកស្នងការរងទទួលផែនផ្ទាល់ លោកបានដឹកនាំសហការធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅកំណត់បានអំពីមុខសញ្ញាដែលធ្វើសកម្មភាពនេះ និងឈានទៅធ្វើការឃាត់ខ្លួនបាន ដែលលទ្ធផលជំហ៊ានដំបូងនេះ គឺជនសង្ស័យបានសារភាពថា គេពិតជាមានចេតនាប៉ុនប៉ុងប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើ នារាត្រីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចកើតហេតុនោះ ប្រាកដមែន។
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយមាន ការចង្អុលដឹកនាំរបស់ឯកឧត្តមស្នងការ និងដោយបានការចូលរួមសហការពីមន្ត្រីនគរបាលជំនាញ រួមទាំងបានការចូលរួមផ្តល់ព័ត៌មាន ពីមហាជនផង ទើបសមត្ថកិច្ចនគរបាល សម្រេចបាននូវលទ្ធផលដូចពេលនេះ ជាមួយនេះដែរ លោកស្នងការរងសូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ មហាជនបន្តចូលរួមសហ ការជាមួយសមត្ថកិច្ចនគរបាល និងសូមបងប្អូនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផង ដូចក្នុងករណីខាងលើនេះ គឺផ្តើមពីការទុកចិត្តពីជនរងគ្រោះចំពោះជនសង្ស័យទើបបង្កឱកាសឱ្យជនសង្ស័យ ឆ្លៀតធ្វើសកម្មភាពបាន ហើយក៏សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាល ក្នុងករណីបានជួបប្រទះ នូវឧប្បត្តិហេតុណាមួយក្នុងមូលដ្ឋាន។
ជនសង្ស័យទាំងពីរនាក់ ព្រមទាំងវត្ថុតាងផង ត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា បុរសភេទទី៣ម្នាក់ នាំប្រុសស្នេហ៍បម្រុងក្រេបទឹកឃ្មុំ ជាមួយគ្នា តែខកបំណង ភាគីខាងប្រុសចាក់៥បិតប៉ុនប៉នប្លន់យកគ្រឿងអលង្ការ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើងនៅអំឡុងវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពខាងលើបន្តថា ជនរងគ្រោះមានឈ្មោះផងនឿន រ៉ាឌី ភេទទី៣ អាយុ៣១ឆ្នាំ រស់នៅភូមិនរា ឃុំនរាស ស្រុកសង្កែ។ មុនពេលកើតហេតុជនដៃដល់ជាមួយនិងជនរងគ្រោះ បានឌុបគ្នាចេញពីកម្មវិធីខួបកំណើតមិត្តភក្តិនៅម្តុំបុរីរំចេក ក្នុងសង្កាត់់រតនៈ ហើយតម្រង់ចូលក្នុងបន្ទប់ជួលរបស់បុរសភេទទី៣។ ក្រោយជជែកគ្នាមួយសន្ទុះជនរងគ្រោះ (ភេទទី៣) បានចូលក្នុងបន្ទប់ទឹក ដើម្បីងូតទឹក លុះចេញពីបន្ទប់ទឹកវិញ បុរសជនបង្កបានយកកាំបិតចិតបន្លែ ចាក់ស្រោចលើដងខ្លួន ត្រង់ពោះ ចំនួន៣កាំបិត និងត្រង់ស្មាចំនួន២កាំបិតទៀត សង្ស័យប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិគ្រឿងអលង្ការ ដែលពាក់ជាប់នៅលើខ្លួនជនរងគ្រោះ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងពេលដែលជនដៃដល់ បានធ្វើសកម្មភាពចាក់ផ្ទួនៗជាច្រើនកាំបិត ភ្លាមនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ ក៏ភ្ញាក់ផ្អើលដល់អ្នកជិតបន្ទប់ ចេញមកជួយ ធ្វើឲ្យជនបង្ករត់គេចខ្លួនបាត់តែម្តង៕
ដោយ៖កូឡាប