កូរ៉េខាងជើងបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានត្រៀមខិត្តប័ណ្ណរាប់លានរួចរាល់ហើយ ដើម្បីបង្ហោះចូលកូរ៉េខាងត្បូងតាមបាឡុង។ ការប្រកាសបង្ហោះខិត្តប័ណ្ណចូលកូរ៉េខាងត្បូងកើតឡើង ក្រោយពេលរបបព្យុងយ៉ាងបានកម្ទេចចោលនូវ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍៍ចុងក្រោយនេះ កូរ៉េខាងជើងបានចេញការថ្កោលទោសជាច្រើន ទៅលើកូរ៉េខាងត្បូង ដែបានធ្វើការបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងខ្លួន ដែលមានអ្នកផ្តាច់ខ្លួនជាច្រើននៅកូរ៉េខាងត្បូង បានធ្វើការបង្ហោះខិត្តប័ណ្ណឆ្លងដែរ ដែលជាទូទៅខិត្តប័ណ្ណទាំងនោះត្រូវគេចង់ភ្ជាប់នឹងប៉េងប៉ោង ឬដាក់បង្ហោះក្នុងដប។
កូរ៉េខាងជើងប្រកាសថា ខ្លួនគ្មានអ្វីត្រូវនិយាយជាមួយនឹងកូរ៉េខាងត្បូងទៀតឡើយ ហើយកាលពីសប្តាហ៍មុន របបនេះបានបំផ្ទុះការិយាល័យទំនាក់ទំនងរបស់ភាគីទាំងពីរនៅព្រំដែន ដែលវាជានិមិត្តរូបនៃកូរ៉េទាំង និងបានគំរាមបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង និងក្បែរតំបន់គ្មានកងទ័ព (Demilitarized Zone)។
អ្នកវិភាគនិយាយថា របបព្យុងយ៉ាងបានធ្វើការបង្ករឿងជាបន្តបន្ទាប់ ក្នុងគោលបំណងបង្ខំឲ្យមានការផ្តល់សម្បទានពីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនជុំវិញកិច្ចចរចារនុយក្លេអ៊ែរ ដែលកំពុងជាប់គាំង។
សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានឲ្យដឹងថាខិត្តប័ណ្ណសរុបចំនួន ១២លានសន្លឹកដែលឆ្លុះបញ្ចាំងពីកំហឹង និងការស្អប់ខ្ពើមរបស់ប្រជាជនមកពីគ្រប់វណ្ណៈ ត្រូវបានផលិតរូចរួចហើយ ហើយបាឡុងជាង ៣.០០០បានត្រៀមសម្រាប់បង្ហោះចូលឲ្យជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP