ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធរខេត្ត ជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវតែចុះអនុវត្តបិទអាជីវកម្ម KTV ក្លឹបកម្សាន្ត និងបៀរហ្គាឌិន ហាងម៉ាស្សាទាំងអស់នៅក្នុងខេត្ត ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងីកូវីដ១៩កើតឡើង។
ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្ដម ឌី រ៉ាដូ អភិបាលរងខេត្តឧត្ដរមានជ័យ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត និងបៀរហ្គាឌិន ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ នៅសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នេះ ។
ក្នុងនោះ ឯកឧត្ដម ឌី រ៉ាដូ បានមានប្រសាសន៍លើកឡើងថា តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ដន៍ បិទនូវមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ដ និងបៀរហ្គា ឌិន ហាងម៉ាស្សានានា ដែលកំពុងនៅតែបង្កសកម្មភាពអាជីវកម្ម គឺដើម្បីទប់ស្កាត់លុបបំបាត់កុំឲ្យមាននូវរលកទី២ នៃជំងឺកូវីដ១៩រីករាលដាលកើតឡើងជាថ្មីម្ដងទៀត។
ឯកឧត្ដម បន្តថា មន្ទីរ អង្គភាពជំនាញ ត្រូវចាត់វិធានការឲ្យហ្មត់ចត់ ដោយការចុះអនុវត្ត អប់រំ ណែនាំឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ប្រសិនបើម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ដ និងបៀរហ្គាឌិនហាងម៉ាស្សានានានៅខេត្តឧត្ដរមានជ័យ នៅតែបង្កសកម្មភាពអាជីវកម្មល្មើសនិងវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវចាត់វិធានតាមនីតិវិធី។
យ៉ាងណាម៉ិញ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើឲ្យ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវតែចូលរួមផ្សព្វផ្សាយ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ កុំឲ្យកើតឡើងវិញ៕ ដោយ៖កូឡាប