សភាពអឺរ៉ុបបានធ្វើការព្រមានចិនថានឹងប្រឈមផលវិបាកអវិជ្ជមានខ្លាំង ប្រសិនជានៅតែបន្តជំរុញឲ្យមានច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។ ការព្រមាននោះជាសម្ពាធបន្ថែមលើក្រុងប៉េកាំងជុំវិញច្បាប់សន្តិសុខជាតិ បន្ទាប់ពីការព្រមានរបស់អាមេរិច និងអង់គ្លេស។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានថ្លែងប្រាប់មេដឹកនាំកំពូលរបស់ចិនគឺប្រធានាធិបតី Xi Jingping និងនាយករដ្ឋមន្ត្រី Li Keqiang ពីក្តីកង្វល់របស់ពួកគេលើច្បាប់ថ្មី។ ច្បាប់សន្និសុខនោះ ត្រូវបានអ្នករិះគន់និយាយថា នឹងកម្រិតដល់ស្វ័យភាព និងសេរីភាពរបស់ទីក្រុងហុងកុង។
ទោះយ៉ាងណា ក្រុងប៉េកាំងមិនបានបង្ហាញពីសញ្ញាដកថយឡើយក្នុងការជំរុញច្បាប់នោះ ដោយរដ្ឋាភិបាលចិននិយាយថា ច្បាប់នោះមានភាពចាំបាច់ក្នុងការរក្សាសណ្តាប់ធ្នាប់។
“ពួកយើងមានក្តីកង្វល់យ៉ាងខ្លាំងចំពោះសំណើរច្បាប់សន្តិសុខសម្រាប់ទីក្រុងហុងកុង”។ នេះបើតាមការបញ្ជាក់របស់លោក Charles Michel ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលតាមវីដេអូជាមួយនឹងមេដឹកនាំកំពូលចិន។
“ពួកយើងស្នើចិនឲ្យធ្វើតាមការសន្យារបស់ខ្លួនដែល បានបានសន្យាចំពោះប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ជុំវិញស្វ័យភាពកម្រិតខ្ពស់ និងសេរីភារបស់ហុងកុង”។
ជុំវិញការព្រមានរបស់សហភាពអឺរ៉ុប ក្រសួងការបរទេសចិនបានធ្វើការឆ្លើយតបនៅថ្ងៃអង្គារនេះថា បញ្ហាទាក់ទងទៅនឹងហុងកុងគឺជា “កិច្ចការផ្ទៃក្នុងរបស់ចិន”។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Wang Lutong ប្រាប់អ្នកសារព័ត៌មានថា “ពួកយើងសូមប្រឆាំងនឹងរាល់ការជ្រៀតជ្រែករបស់បរទេសចំពោះបញ្ហាហុងកុង”។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានស្នើច្បាប់សន្តិសុខជាតិកាលពីខែមុនដើម្បីគ្រប់គ្រងទីក្រុងហុងកុង ដែលច្បាប់នោះ ត្រូវបានអ្នករិះគន់មានការព្រួយបារម្ភថា អាចជាសេចក្តីសម្លាប់ដល់សេរីភាពដ៏មានតម្លៃរបស់ទីក្រុង។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញក្នុងឆ្នាំ ១៩៩៧ក្រោមកិច្ចព្រមព្រៀងផ្តល់ស្វ័យភាព និងសិទ្ធិសេរីភាពដល់ទីក្រុងនេះសម្រាប់រយៈពេល ៥០ឆ្នាំ។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP