ភ្នំពេញ៖ លោកស្រីប៉ុន ដានី អភិបាលរដ្ឋាករស្វ័យតផ្សារធំថ្មី បានឲ្យដឹងថា បច្ចុប្បន្ន អ្នកដែលចូលទិញទំនិញនៅផ្សារធំថ្មី ៩០ភាគរយ ពួកគេចាយប្រាក់រៀល ចំណែក ១០ភាគរយទៀត ភ្ញៀវបរទេសគាត់ចាយប្រាក់ដុល្លារ និងចាយតាមកាតធនាគារ។
ការលើកឡើងរបស់ប្រធានផ្សារធំថ្មីដូចនេះ ស្របពេលដែលអាជីវករផ្សារធំថ្មីមួយចំនួនធំ ចង់បានលុយរៀលជាជាងលុយដុល្លារពីអ្នកទិញ ដោយអាជីវករយល់ថា លុយរៀល ស្រួលចាយនិងអត់មានកន្ទុយរញេរញៃ ហើយការចាយលុយរៀល ក៏ដើម្បីចូលរួមលើកស្ទួយលុយខ្មែរផងដែរ។
អាជីវករឈ្មោះស្រី នាង បានឱ្យដឹងថា ការទិញលក់ទំនិញផ្សេងៗ អ្នកស្រីដុល្លារក៏យក រៀលក៏យក តែលុយរៀលស្រួលចាយជាងដុល្លារ ព្រោះអត់មានកន្ទុយរញ៉េរញ៉ៃ អ្នកទិញឱ្យប៉ុន្មាន គឺប៉ុណ្ណឹង។ អ្នកស្រីបន្តថា ដុល្លារមានកន្ទុយទ្បើងចុះៗ យើងគុណទៅ អ្នកខ្លះពិបាកតាមហាងឆេង។ដុល្លារទ្បើងចុះ។
អាជីវករផ្សារធំថ្មី បានសង្កេតឃើញថា បច្ចុប្បន្ន ភ្ញៀវជាខ្មែរ មានទំនោរចាយលុយរៀលច្រើនជាង បើធៀបនឹងពេលមុន លើកលែងតែជនបរទេសគាត់មក គាត់មានលុយដុល្លារ បើខ្មែរយើងភាគច្រើនចាយលុយខ្មែរ និងងាយស្រួលជាង ព្រោះលក់ដូង ១ផ្លែ តម្លៃ៤០០០រៀល បើឱលុយរៀល ៥០០០រៀល វាស្រួលអាប់ចេញទៅវិញ១០០០រៀល ប៉ុន្តែបើឱ្យប្រាក់ដុល្លារវិញ ១ដុល្លារស្មើរនឹង១ដុល្លារ ២៥សេន ហើយពិបាករក ២៥សេន អាប់ឱ្យវិញណាស់។ ដូចនេះអាជីវកររូបនេះ បានសំណូមពរឱ្យមានការចាយប្រាក់រៀល ច្រើនជាងដុល្លារ ព្រោះវាផ្តល់ភាពងាយស្រួលជាង។
គួរបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយការចាយប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយការចាយលុយបរទេស អាជីវករភាគច្រើននៅផ្សារធំថ្មី បានស្នើរសុំឱ្យអ្នកទិញ មិនថា ខ្មែរ ឬអ្នកទេសចរបរទេស ពេលទិញទំនិញ ឬផលិតផល ម្ហូបអាហារ សូមចាយជាប្រាក់រៀល ព្រោះមិនពិបាកអាប់៕
ដោយ៖CEN