បុរសកូរ៉េខាងជើងម្នាក់ ដែលបានសិក្សានៅក្នុងប្រទេសិង្ហបុរី បានជួយឪពុករបស់គាត់ និងផ្សំគំនិតជាមួយអ្នកផ្សេងទៀត ផ្គត់ផ្គងទំនិញប្រណិតតម្លៃជិត ២៩០.០០០ដុល្លារអាមេរិចពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសកូរ៉េខាងជើងដែលសកម្មភាពរបស់គាត់នេះ ត្រូវបានហាមឃាត់ដោយច្បាប់អង្គការសហប្រជាជាតិ។
លោក Li Hyon អាយុ ៣២ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៤សប្តាហ៍កាលពីថ្ងៃអង្គារនេះ ក្រោយពេលសារភាពទទួលយកការចោទប្រកាន់បួន ពីបទផ្គត់ផ្គងទំនិញហាមឃាត់ទៅឲ្យកូរ៉េខាងជើងក្រោមច្បាប់អង្គការសហប្រជាជាតិ។ ការចោទប្រកាន់ ១០ករណីទៀតកំពុងត្រូវបានយកមកពិចារណា។
តុលាការបានប្រកាសថា លោក Li Hyon បានសិក្សានៅក្នុងប្រទេសសិង្ហបុរីមុនឆ្នាំ ២០១៤ ក្រោយមកគាត់បានជួយឪពុកគាត់ឈ្មោះ Li Ik ធ្វើជំនួយលក់ទំនិញប្រណិត។ លោកបានជួយរកប្រភពទំនិញនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គងទៅឲ្យហាងឈ្មោះ Korean Bugsae Shop ក្នុងប្រទេសកូរ៉េខាងជើង។
លោក Li Ik បានធ្វើដំណើរជាញឹកញាប់ទៅកាន់ប្រទេសកូរ៉េខាងជើងពីចុងឆ្នាំ ២០១៤ ដល់ដើមឆ្នាំ ២០១៧ ហើយការទាក់ទងគាត់មិនសូវមានភាពងាយស្រួលទេ ដោយសារតែការរឹតត្បិតការធ្វើទំនាក់ទំនងគ្រប់គ្រងដោយកូរ៉េខាងជើង។
លោកបានដឹងថា ការផ្គត់ផ្គង់ផលិតផលទំនើបពីប្រទេសិង្ហបុរីទៅកាន់ប្រទេសកូរ៉េខាងជើងគឺត្រូវបានហាមឃាត់ដោយច្បាប់ ប៉ុន្តែគាត់នៅតែបន្តធ្វើរឿងនោះ ដោយបានយួរផលិតផលប្រណិតជាច្រើនទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន ៣លើក។
ក្នុងឆ្នាំ ២០១៥ Li Hyon បានជួយប្រធានក្រុមហ៊ុន SCN ផ្គត់ផ្គងទឹកអប់ គ្រឿងក្រអូប និងនាឡិកាដៃតម្លៃសរុបជាង ២៣.០០០ដុល្លារទៅឲ្យហាងឪពុករបស់លោក។
ចន្លោះខែមករា ឆ្នាំ ២០១៦ និងខែមករា ឆ្នាំ ២០១៧ លោកបានជួយលោក NG Kheng Wah ប្រធានក្រុមហ៊ុន T Specialist ផ្គត់ផ្គងស្រាតម្លៃជាង ១៧.០០០ដុល្លារទៅហាងរបស់ឪពុកលោកដែរ។
សរុបមក បុរសរូបនោះបានជួយក្រុមហ៊ុន និងប្រធានក្នុងការចូលរួមផ្គត់ផ្គងទំនិញប្រណិតតម្លៃជាង ២៩០.០០០ដុល្លារទៅឲ្យកូរ៉េខាងជើង។
ក្រុមហ៊ុន T Specialist ត្រូវបានផាកពិន័យចំនួន ៨៨០.០០០ដុល្លារសិង្ហបុរីកាលពីឆ្នាំមុន ចំណែកប្រធានក្រុមហ៊ុន ឈ្មោះ NG Kheng Wah ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ និង ១០ខែដោយសារបទល្មើសជាច្រើន។
ចំពោះការប្រកាន់នីមួយៗក្រោយច្បាប់របស់អង្គការសហប្រជាជាតិ លោក Li Hyon អាចជាប់ទោសរយៈពេលរហូតដល់ ១០ឆ្នាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA