ប្រទេសកូរ៉េខាងជើង បានផ្អាកផែនការធ្វើសកម្មភាព យោធាប្រឆាំងនឹងកូរ៉េខាងត្បូង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់របបកុម្មុយនិស្តនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាពតានតឹងកើនឡើងខ្លាំង រវាងប្រទេសកូរ៉េទាំងពីរ ខណៈដែលក្រុមផ្តាច់ខ្លួននៅកូរ៉េខាងត្បូង គ្រោងបង្ហោះខិត្តប័ណ្ណផ្សព្វផ្សាយ តាមព្រំដែនចូលប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងបានគំរាមបញ្ជូនកងទ័ព ចូលទៅក្នុងតំបន់គ្មានកងទ័ព (DMZ) នៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចុះផ្សាយថា មានការសម្រេចចិត្តផ្អាកសកម្មភាពយោធា។
កាលពីសប្តាហ៍មុន ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុនឈ្មោះ Kim Yo-jong បានដាក់បញ្ជាទៅកាន់កងទ័ពឲ្យត្រៀមខ្លូន អនុវត្តតាមផែនការ ដោយសារតែមានការខឹងនឹងប្រទេសកូរ៉េខាងត្បូង ដែលមិនអាចឈប់ស្កាត់សកម្មជនបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងនៅព្រំដែនបាន។
តើអ្វីដែលធ្វើឲ្យស្ថានភាពតានតឹងខ្លាំង?
ចាប់តាំងពីឆ្នាំ ២០១៨មក ប្រទេសកូរ៉េទាំងពីរបានប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងប្រសើរឡើង និងរក្សាការចរចា ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ បានល្អកកករក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការបង្ហោះខិត្តប័ណ្ណចូលកូរ៉េខាងជើង។
ជាធម្មតាពួកគេបង្ហោះបាឡុងដោយមានភ្ជាប់ខិត្តប័ណ្ណ ភ្ជាប់USB ឬក៏ DVDs ដែលមានការរិះគន់របបព្យុងយ៉ាង ព្រមទាំងមានព័ត៌មានស្តីពីកូរ៉េខាងត្បូង ឬក៏រឿងរបស់កូរ៉េខាងត្បូង។
ការបង្ហោះខិត្តប័ណ្ណនោះមានគោលបំណងបំបែក ការគ្រប់គ្រងលើព័ត៌មានផ្ទៃក្នុង របស់កូរ៉េខាងជើង ដោយរំពឹងថា ប្រជាជនកូរ៉េខាងជើងប្រហែល នឹងធ្វើការទម្លាក់របបព្យុងយ៉ាងនៅចុងបញ្ចប់។
ជុំវិញការបង្ហោះខិត្តប័ណ្ណនោះ កូរ៉េខាងជើងថា វារំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលកិច្ចព្រមព្រៀងធ្វើឡើង ដើម្បីបញ្ចៀសការប្រឈមដាក់គ្នា។
សូមបញ្ជាក់ថា កាលពីដើមខែនេះ កូរ៉េខាងជើងក៏បានកាត់ផ្តាច់បណ្តាញទំនាក់ទំនង ជាមួយនឹងកូរ៉េខាងជើងផងដែរ រួមមានបណ្តាញទំនាក់ទំនង រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កូរ៉េខាងជើងបានបំផ្ទុះចោលនូវការិយាល័យទំនាក់ទំនង នៅខាងព្រំដែនរបស់ខ្លួន។ ការិយាល័យនោះត្រូវបានកសាងឡើងកាលពី ២ឆ្នាំមុន ដើម្បីធានាឲ្យមានការសន្ទនាទៀងទាត់រវាងភាគីទាំងពីរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC