ប្រទេសឥណ្ឌាបានធ្វើការបណ្តេញបុគ្គលិកស្ថានទូតរបស់ប៉ាគីស្ថានចំនួនពាក់កណ្តាល ក្នុងរដ្ឋធានីដេលី (Delhi) ដោយបានចោទប្រកាន់អ្នកកាទូតទាំងនោះថា បានធ្វើចារកម្ម និងមានទំនាក់ទំនងជាមួយនឹងភេរវករ។
ឥណ្ឌាខ្លួនឯង ក៏នឹងត្រូវកាត់បន្ថយបុគ្គលិកចំនួនដូចគ្នា នៅស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានី Islamabad របស់ប្រទេសប៉ាគីស្ថាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងកិច្ចការផ្ទុះក្នុងឥណ្ឌា។
ជុំវិញការបណ្តេញបុគ្គលិកទូតនេះ មិនទាន់មានការឆ្លើយតបភ្លាមៗនោះទេពីអាជ្ញាធរប៉ាគីស្ថាន។
ទំនាក់ទំនងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរបានល្អក់កកររួចហើយ ក្រោយពេលឥណ្ឌាបានបណ្តេញបុគ្គលិកប៉ាគីស្ថានចេញកាលពី ៣សប្តាហ៍មុន។
ពួកគេរងការចោទប្រកាន់ថា បានព្យាយាមយកព័ត៌មាន អំពីសកម្មភាពយោធាឥណ្ឌា។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបញ្ជាក់ថា វិធានការចុងក្រោយរបស់ឥណ្ឌាកើតឡើង ដោយសារតែការព្យាបាទទៅលើបុគ្គលិកឥណ្ឌាពីរនាក់ នៅក្នុងរដ្ឋធានី Islamabad។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានចាប់បុរស ២នាក់នោះ ប៉ុន្តែប៉ាគីស្ថានវិញនិយាយថា អ្នកទាំងពីរនោះត្រូវបានប៉ូលីសចាប់ឃុំខ្លួន ក្រោយពេលបានវាយអ្នកដំណើរ ខណៈពេលកំពុងបើកបរ។
បើតាមកាសែតឥណ្ឌា Hindustan Times ភាគីនីមួយៗនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាឲ្យមានបុគ្គលិកចំនួន ១១០នាក់នៅស្ថានទូតពួកគេទាំងសងខាង បើទោះបីជាចំនួនបច្ចុប្បន្នមានប្រហែល ៩០នាក់ក្តី។
ការសម្រេចចិត្តរបស់ឥណ្ឌា មានន័យថា ស្ថានទូតនៃប្រទេសទាំងពីរនឹងត្រូវធ្វើការបញ្ជូនបុគ្គលិកចំនួន ៣៥នាក់ត្រឡប់មកវិញរៀងៗខ្លួនក្នុងរយៈពេលមួយសប្តាហ៍៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia