អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌាបានធ្វើការផ្អាកកិច្ចព្រមព្រៀងជំនួយមានតម្លៃជាង ៦០០លានដុល្លារ ជាមួយនឹងក្រុមហ៊ុនចិន បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយនឹងចិនកាលពីពេលថ្មីៗនេះ។ ការប៉ះទង្គិចគ្នាបណ្តាលឲ្យទាហ៊ានឥណ្ឌាស្លាប់ ២០នាក់ និងរបួសជិត ៨០នាក់។
មន្ត្រីឥណ្ឌានៅក្នុងក្នុងរដ្ឋ Maharashtra បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេកំពុងពិនិត្យមើលឡើងវិញពីកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចិន ៣ ខណៈដែលពួកគេកំពុងស្វែងរកការបញ្ជាក់ពីរដ្ឋាភិបាលឥណ្ឌាថាតើ ត្រូវធ្វើបែបណា។
កិច្ចព្រមព្រៀងបឋមត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដែលវាជាផ្នែកមួយនៃការផ្តួចផ្តើមក្នុងការជួយឲ្យសេដ្ឋកិច្ចឥណ្ឌារស់ឡើងវិញពីវិបត្តិកូរ៉ូណា។ កំណើនសេដ្ឋកិច្ចឥណ្ឌាមានការយឺតយ៉ាវមុនពេលមានវិបត្តិកូរ៉ូណា ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវគេព្យាករណ៍ថានឹងធ្លាក់ចុះក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះដំបូងចាប់តាំងពីឆ្នាំ ១៩៧៩មក។
ក្រោយពេលមានការប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុន ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងតានតឹង និងមានការប្រឈមផ្នែកយោធា។
កិច្ចព្រមព្រៀងជំនួយធំបំផុតដែលកំពុងមានហានិភ័យនៅក្នុងរដ្ឋ Maharashtra គឺជាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិនឈ្មោះ Great Wall Motors ដែលបានព្រមព្រៀងគ្នាធ្វើជាដៃគូ មានតម្លៃទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិច។ នេះបើតាមអាជ្ញាធរឥណ្ឌា។
កិច្ចព្រមព្រៀងផ្សេងៗទៀត គឺជាមួយនឹងក្រុមឧស្សាហ៍កម្មចិន Hengli Engineering និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Foton Motor ដែលមានមូលដ្ឋាននៅចិន ដែលក្រុមហ៊ុននេះបានចូលហ៊ុនរួចរាល់ហើយជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនីឥណ្ឌា PMI។
សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសដែលនាំចូលទំនិញពីប្រទេសចិនច្រើនបំផុតជាងប្រទេសណាៗទាំងអស់។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃជាទឹកប្រាក់ប្រមាណ ៨៤ពាន់លានដុល្លារកាលពីឆ្នាំមុន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN