សៀមរាប ៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាល នៃប្រាសាទទន្លេស្ងួត ក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរា បានយកមករក្សាទុកក្នុងទីស្នាក់ការ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះ អាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយ មកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។
ករណីនេះ បានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើន ដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះ ដើម្បីធ្វើជាថ្មកម្រាល ក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេង មកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។
លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០សង់ទីម៉ែត្រ ទទឹង៤០សង់ទីម៉ែត្រ និងកម្រាស់២០សង់ទីម៉ែត្រ។ បើយោងតាមការសន្និដ្ឋានដំបូង លើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងសតវត្សរ៍ទី១១ ដល់ដើមសតវត្សរ៍ទី១២។
លោក សុខរិទ្ធី បញ្ជាក់ថា នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារ នៅក្នុងសិលាចារឹកនេះទេ គឺត្រូវការពេលវេលា ដើម្បីឱ្យអ្នកជំនាញប្រែសម្រួល ពីភាសាសំស្ក្រឹត ដើម្បីឈ្វេងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយ ឱ្យយើងដឹងអំពីប្រវត្តិ នៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យា ដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរ នៅក្នុងតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៨ គ្រឹស្តសករាជ)៕
ដោយ៖បញ្ញាស័ក្តិ