ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិនបានធ្វើការដាក់ពង្រាយកងទ័ព និងអាវុធយ៉ាងច្រើននៅតាមបណ្តោយព្រំដែនមានជម្លោះហិមាល័យ ដែលវាគឺជាការរំលោភកិច្ចព្រមព្រៀងទ្វេភាគី។ ឥណ្ឌាបានចោទចិនថា ជាអ្នកបង្កឲ្យមានភាពតានតឹង និងការបះទង្គិចគ្នាដ៏គ្រោះថ្នាក់កាលពីសប្តាហ៍មុន។
“ចំណុចសំខាន់នៃបញ្ហាគឺថា ចាប់តាំងពីដើមខែឧសភាមក ខាងភាគីចិនបានធ្វើការដាក់ពង្រាយទ័ព និងអាវុធយ៉ាងច្រើននៅតាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC)”។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា គឺលោក Anurag Srivastava។
លោកនិយាយទៀតថា “សកម្មភាពចិនមិនស្របតាមបទប្បញ្ញតិ្ត នៃកិច្ចព្រមព្រៀងទ្វេភាគីរបស់ពួកយើងទេ រួមមានសន្ធិសញ្ញាឆ្នាំ ១៩៩៣ ដែលចែថា ភាគីទាំងពីរនឹងត្រូវរក្សាការដាក់ពង្រាយនៅតាមព្រមដែនដោយមានកម្រិត”។
ចិនបានចោទឥណ្ឌាថាជាអ្នកធ្វើឲ្យមានការប៉ះទង្គិចគ្នា និងនិយាយថាទាហានឥណ្ឌាបានវាយប្រហារលើមន្ត្រី និងទាហានចិន។ វាគឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ ក្នុងរយៈពេលយ៉ាងតិច ៥០ឆ្នាំចុងក្រោយ។
ដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានទ័ពចិននៅតាមព្រំដែនកាលពីខែមុន ឥណ្ឌាក៏បានធ្វើការដាក់ពង្រាយកងទ័ពយ៉ាងច្រើននៅតាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែងផងដែរ ដែលបណ្តាលឲ្យមានការប្រឈមដាក់គ្នានៅតំបន់ Ladakh នៃភ្នំហិមាល័យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters