ភ្នំពេញ៖ លោកហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជួបតតាំងជាមួយនឹងបុគ្គលឈ្មោះ ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះចក្រវាឡ ហើយហ៊ានយកព្រះឆ័យាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ មកដាក់ក្រោមជើងបុគ្គលឈ្មោះ ធាន វុទ្ធី ក្នុងពិធីសាសនាមួយ ដែលមិនតាមគន្លងព្រះពុទ្ធសាសនា។
លោកហ៊ុន ជា ដែលបានសរសេរសារមួយក្នុងផេកហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា “អញគោររពស្រឡាញ់ និងដឹងគុណ ចំពោះតែព្រះមហាក្សត្រតែប៉ុណ្ណោះ ហើយចុះហ្អែងមកពីណា ហ៊ានមកតាំងខ្លួនឯងជាព្រះចក្រវាឡ ហើយហ៊ានយកព្រះឆ័យាល័ក្ខណ៍អតីតព្រះមហាក្សត្រ មកដាក់ក្រោមជើងរបស់ហ្អែងនោះ ! អញចង់ជួបហ្អែងក្នុងផ្លូវបែបណាក៏បាន បើបានជួបក្នុងសម្លៀកបំពាក់ព្រះរបស់ហ្អែងកាន់តែល្អ”។
ប្រជាពលរដ្ឋខ្មែរបានរិះគន់យ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី ដែលធ្លាប់តាំងខ្លួនជាព្រះសិអារ្យមេត្រី កាលពីលើកមុន ដោយសារតែពេលថ្មីៗនេះ បុគ្គលឈ្មោះ ធាន វុទ្ធី បានតាំងខ្លួនជាព្រះចក្រវាឡសារជាថ្មីហើយ ថែមទាំងដាក់រូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជើងរូបសំណាករបស់ខ្លួនថែមទៀត ក្នុងពិធីបុណ្យមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
ប្រជាពលរដ្ឋបាននិយាយថា អ្នកស្លៀកពាក់ទ្រង់គ្រឿងម្នាក់ មកតាំងខ្លួនជាព្រះបិតាចក្រវាឡ ជាអង្គព្រះពោធិសាត់ នេះជាការប្រមាថយ៉ាងច្បាស់។ តើព្រះអរហន្តចេញមកពីណា មិចបានកោះហៅ យាងសម្តេចសង្ឃ និងភិក្ខុតាមបណ្តាវត្តទៅជួប ហើយសម្តែងធម៌ទេសនាប្រោសផង? តើស្តេចមួយអង្គទៀតសោយរាជពីពេលណា ម៉េចបានដំណឹងនេះអត់ឃើញអញ្ជើញអភិបាលខេត្ត ទូទាំងប្រទេសទៅចូលរួម? តើទាំងនេះមកពីមូលហេតុអ្វី? តើស្ថាប័នពាក់ព័ន្ធគួរគិតយ៉ាងណា?។
ពិធីបុណ្យដែលមានវត្តមានបុគ្គល ធាង វុទ្ធី ខាងលើ ជាពិធីបុណ្យសាសនធម្មតា សម្រាប់គ្រួសារប្រជាពលរដ្ឋដាច់ដោយឡែកនោះទេ ប៉ុន្តែបុគ្គលរូបនេះ បែរជាមកតាំងខ្លួនជាព្រះអរហន្តទៅវិញ ហើយក៏មានប្រជាពលរដ្ឋក្រាបថ្វាយបង្គំផងដែរ។
ឈ្មោះ ធាន វុទ្ធី ដែលធ្លាប់បានតាំងខ្លួនជាព្រះសិអារ្យមេត្រី ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចាត់វិធានការតាមច្បាប់ និងបានបាត់មុខមួយរយៈហើយ ប៉ុន្តែស្រាប់តែបង្ហាញខ្លួនសារជាថ្មី ជាមួយការតាំងខ្លួនជាព្រះសិអារ្យមេត្រីសារជាថ្មីទៀតដែរ ព្រមទាំងបានយករូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដាក់តាំងខាងក្រោមរូបរបស់ខ្លួនថែមទៀត នៅក្នុងពិធីបុណ្យសាសនាមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ថ្មីៗកន្លងទៅ៕ដោយ៖ជាលី