រដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ការរឹតត្បិតទិដ្ឋាការ លើមន្ត្រីបក្សកុម្មុយនិស្តចិន ដែលមានទំនួសខុសត្រូវក្នុងបំផ្លាញសេរីភាពក្នុងទីក្រុងហុងកុង។
លោកបានថ្លែងថា ទណ្ឌកម្មអាមេរិចមានគោលដៅលើអតីត និងមន្ត្រីបក្សកុម្មុយនិស្តចិន។
គាត់បញ្ជាក់ទៀតថា វិធានការនោះស្របតាមប្រធានាធិបតីដូណាល់ ត្រាំដែលសន្យាដាក់ទណ្ឌកម្មចិន ជុំវិញច្បាប់សន្តិសុខ។
ចំណែកភាគីចិនវិញ និយាយថាការសម្រេចចិត្តរបស់អាមេរិច គឺជាកំហុស ដែលគួរតែត្រូវដកចេញវិញ។
ការប្រកាសទណ្ឌកម្មលើមន្ត្រីចិននេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនពេលមានកិច្ចប្រជុំសភានៅចិន។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នឹងធ្វើការពិភាក្សាលើច្បាប់សន្តិសុខថ្មីនៅក្នុងកិច្ចប្រជុំ ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិច មិនបានលើកឡើងពីឈ្មោះរបស់មន្ត្រីចិន ដែលរងទណ្ឌកម្មរបស់អាមេរិចឡើយ។
ចំណែកស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រឆាំងដាច់ខាតទៅនឹងការសម្រេច របស់អាមេរិច ដែលខ្លួនថាជាការសម្រេចចិត្តខុស។
សូមបញ្ជាក់ថា កាលពីខែមុន រដ្ឋាភិបាលចិនបានស្នើច្បាប់សន្តិសុខលើហុងកុង ដែលអ្នករិះគន់មើលឃើញថា ច្បាប់នឹងប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ ច្បាប់សន្តិសុខនឹងអនុវត្តការដាក់ទណ្ឌកម្មលើវិទ្ធង្សនា (សកម្មភាពដែលបង្កភាពវឹកវរ) និងការគំរាមកំហែងផ្សេងៗទៀតនៅក្នុងទីក្រុងហុងកុង។
រដ្ឋបាលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសរួចរាល់ហើយថា អាមេរិចមិនចាត់ទុកហុងកុងថាមានស្វ័យភាពទៀតទេ។
ទីក្រុងហុងកុងត្រូវបានអង់គ្លេសប្រគល់ត្រឡប់ឲ្យចិនវិញនៅក្នុងឆ្នាំ ១៩៩៧ ហើយចិនប្តេជ្ញាថានឹងរក្សាប្រព័ន្ធ ដាច់ដោយឡែកសម្រាប់ទីក្រុងហុងក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ដែលធានាពីសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC