Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​រឿង​ដីធ្លី​ម្នាក់ ចូល​ពន្ធនាគារ​ម្តង​ហើយ​មិន​រាង ឥឡូវ​បាន​ចូល​ម្តងទៀត ក្នុង​រឿង​បន្ថែម​ពីលើ​ដីធ្លី គឺ លើកគ្នា​ដុតបំផ្លាញ​ត្រាក់ទ័រ អេស្កាវ៉ាទ័រ និង​វាយ​ម្ចាស់​ដី​

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជា​សកម្មជន​ដីធ្លី ត្រូវ​ចូល​ពន្ធនាគារ​ជា​លើក​ទី​២ ក្នុង​រឿង​ក្រៅពី​ដីធ្លី គឺ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស (​ដោយមាន​គ្នាច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី​(​អ្នកផ្តើមគំនិត និង​អ្នកសមគំនិត ) និង​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនទ្រព្យ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​អូ​អំពិល ឃុំ​ទួល​ពង្ស ស្រុក​ម៉ាឡៃ អំឡុង​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ ដល់​ខែតុលា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក ផេង កុសល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លេខ​១២៨​ដខ​/​ច​ចុះ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ កែវ យ៉យ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ក្នុង​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស មកកាន់​តុលាការ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ស្រុក និង​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​ជនជាប់ចោទ កែវ យ៉យ ហើយ​បញ្ជូន​ដល់​តុលាការខេត្ត និង​បញ្ជូនទៅ​ពន្ធនាគារ​កាលពី​ថ្ង​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ។​

​នៅ​ថ្ងៃទី​២៦ ខែមិថុនា​ដដែល​នោះ មនុស្ស​ប្រមាណ​៦០​នាក់ ដែល​អះអាងថា ជា​ពលរដ្ឋ និង​សាច់ញាតិ​នៅ​ភូមិ​ជាមួយ បាន​លើកគ្នា​មក​ប្រមូលផ្តុំ​នៅមុខ​សាលា​ខេត្ដ រួច​បន្ត​ទៅមុខ​ស្នងការដ្ឋាន​នា​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​ជាមួយគ្នា​នោះដែរ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​វរសេនីយ៍ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​អះអាងថា ៖ ការដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ កែវ យ៉យ នោះ គឺ​នគរបាល​អ្នកអនុវត្ត​ច្បាប់ គឺ​ធ្វើតាម​ដីកា​របស់​តុលាការ បើ​ចង់​សំណូមពរ​អ្វី​ទៅ​តុលា​ការចុះ ។​

​ជាមួយគ្នា​នោះដែរ បើ​យោងតាម​ពលរដ្ឋ​ទាំងនោះ​ថា លោក កែវ យ៉យ ត្រូវ​ជាប់ពន្ធនាគា​រលើ​ក​ទី​២​ហើយ ។ លើក​នេះ គាត់​ត្រូវ​ចោទប្រកាន់ ៖ ១ លើកគ្នា​ដុតបំផ្លាញ​ត្រាក់ទ័រ អេស្កាវ៉ាទ័រ ។ ២ វាយ​មនុស្ស (​ម្ចាស់​ដី ) និង​វាយ​ព្រះសង្ឃ​។ ៣ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ។​

​សមត្ថកិច្ច​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​បង្ហើប​ប្រាប់ថា ៖ ជន​ត្រូវ​ចោទ​ឈ្មោះ កែវ យ៉យ (​ដែល​ពិការ​ជើង ជា​អតីត​ទាហាន​ខ្មែរក្រហម​) ។ ការចាប់ខ្លួន​ឈ្មោះ កែវ យ៉យ នេះ​មកពី​ជននេះ​មិន​ព្រម​ចូលខ្លួន​តាម​ដីកាកោះ ដីកា​បញ្ជូន ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ ៣ លើក​រួចមកហើយ គឺ​បន្ថែម​ពីលើ​បទ​ចោទ​ដូចខាងលើ ។ ប៉ុន្តែ​ប្រភព​មួយ​ពី​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា​ថា ៖ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា បាន​ឲ្យ​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង ធ្វើការ​រឿងនេះ​ជាមួយ​លោក ផេង កុសល ចៅក្រម​ស៊ើបសួរ តាម​ការ​ការណែនាំ​រប​ស់លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង គឺ​បាន​ទទួលយក​សំណូមពរ​មនុស្ស ដែល​លើកគ្នា​មក​ឈឺឆ្អាល​នឹង​ជន ត្រូវ​ចោទ​ឈ្មោះ កែវ យ៉យ ហើយ​សុំ​ឲ្យ​ដោះលែង​នោះ ប៉ុន្តែ​សូម​ឲ្យ​ជ្រើសរើស​រក​មេធាវី​ជា​តំណាង​មក​ធ្វើការ​ជាមួយ​តុលាការ ។ បន្ទាប់មក​ក្រុមមនុស្ស​លើកគ្នា​មក​ទាំងនោះ បាន​រំសាយ​ទៅវិញ ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

×