ប្រជាជនហុងកុងរាប់រយនាក់ បានធ្វើការដើរហែរក្បួនយ៉ាងស្ងៀមស្ងាត់នៅតាមដងផ្លូវក្នុងទីក្រុង កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីតវ៉ាទៅនឹងច្បាប់សន្តិសុខជាតិ ដែលនឹងត្រូវអនុវត្តដោយរដ្ឋាភិបាលចិនដីគោក។
គេឃើញមានវត្តមានរបស់ប៉ូលិសប្រឆាំងកុបកម្មប្រដាប់ដោយខែល ខណៈដែលហ្វូងមនុស្សបានធ្វើការហែរក្បួនពី តំបន់ Jordan ទៅកាន់ Mong Kok ស្ថិតក្នុងស្រុក Kowloon។ វាគឺជាការតវ៉ាដ៏ស្ងាត់ស្ងៀម ដោយមិនមានការស្រែកពាក្យស្លោកអ្វីឡើយ។
ការតវ៉ានោះ កើតឡើងខណៈពេលដែលគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាប្រជាជន បានធ្វើការពិនិត្យលើសេចក្តីព្រាងច្បាប់សន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
ប៉ុន្តែសារព័ត៌មាននោះមិនបានចុះផ្សាយលម្អិតពីមាតិការថ្មីៗនៃច្បាប់នោះឡើយ។
ការពិភាក្សានៅក្នុងសភាប្រជាជន មានន័យថាច្បាប់នោះត្រូវគេរំពឹងថានឹងអនុម័យ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សភាប្រទេសបានអនុម័តច្បាប់ ដែលបានគ្រោងទុកកាលពីខែមុន ដោយបានបញ្ជូនសេចក្តីព្រាងច្បាប់ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញ។
សារព័ត៌មាន Xinhua ចុះផ្សាយកាលពីដើមខែនេះថា ចិននឹងធ្វើការបង្កើតភ្នាក់ងារសន្តិសុខ នៅក្នុងទីក្រុងហុងកុង ដូច្នេះច្បាប់ថ្មីនឹងគ្រប់គ្រងលើច្បាប់ ដែលមានស្រាប់របស់ហុងកុង។
ការតវ៉ាកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប៉ូលិសហុងកុងបដិសេធ មិនឲ្យមានការហែរក្បួនប្រចាំឆ្នាំ ដែលធ្វើឡើងនៅថ្ងៃទី ១ ខែកក្កដា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ ដែលអង់គ្លេសបានប្រគល់ទីក្រុងហុងកុង ដល់អង់គ្លេសវិញ កាលពី ២៣ឆ្នាំមុន។
សូមបញ្ជាក់ថា អ្នកជំនាញបានលើកឡើងថា ច្បាប់សន្តិសុខនោះនឹងរឹតត្បិតសេរីភាពប្រជាជន និងស្វ័យភាពរបស់ទីក្រុងហុងកុង។
អាមេរិចបានប្រកាសរួចរាល់ហើយថា ទីក្រុងហុងកុងលែងមានស្វ័យភាពទៀតហើយ ខណៈដែលសហភាពអឺរ៉ុបបានព្រមានចិនថា នឹងជួបផលវិបាកធ្ងន់ធ្ងរចំពោះច្បាប់នោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters