ក្រុមអ្នកស្រាវជ្រាវធម្មជាតិនៅកម្ពុជាបានអះអាងថា ផ្កាអ័រគីដេនៅកម្ពុជា ដែលមានដុះនៅក្នុងព្រៃនាដែនជំរកធម្មជាតិរហូតដល់ទៅជាង៥០០ប្រភេទ។
ការសន្និដ្ឋានបែបនេះគឺដោយសំអាងទៅលើអម្បូរនៃផ្កាអ័រគីដេ ដែលគេបានមើលឃើញនៅក្នុងដែនជម្រកធម្មជាតិបើទោះបីជាឯកសារវិទ្យាសាស្ត្រ និងតួលេខពីការស្រាវជ្រាវអំពីរុក្ខជាតិដ៏ស្រស់ស្អាតនេះត្រូវបានបាត់បង់អស់នៅក្នុងសម័យខ្មែរក្រហមដ៏ដោយ ។
ឯកសារថ្មីៗដែលធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិបារាំងអាមេរិកកាំង អង់គ្លេស និងជនជាតិខ្មែរទសវត្សរ៍ចុងក្រោយនេះ បានឲ្យដឹងថា ផ្កាអ័រគីដេនេះ គឺមានដុះនៅក្នុងតំបន់ភ្នំ និងតាមបណ្តោយព្រៃដែលមានអ័ព្ទតំបន់ត្រូពិកក្រាស់ និងតំបន់វាលល្បប់ពិសេសមួយនៅបឹងទន្លេសាប។
ផ្កាអ័រគីដេ ប្រមាណជា ៤០% ត្រូវបានរកឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ ៣៥%គឺរកឃើញនៅក្នុងតំបន់ឆ្នេរ ១៣%នៅតំបន់ព្រៃស្ងួត និង១០%ទៀតត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នារបស់ទន្លេមេគង្គ ។
ផ្កាអ័រគីដេនេះ គឺជាឈ្មោះដែលខ្មែរសម័យទំនើបគេហៅនិយមទៅតាមភាសាបរទេសតែប៉ុណ្ណោះ ហើយភាគច្រើនគេគិតថា វាគឺជាពូជផ្កាដែលមិនមានវត្តមាននៅក្នុងប្រទេស ។ គេគិតថា ជាប្រភេទផ្កាដែលត្រូវបាននាំចូលមកពីបរទេសតែប៉ុន្តែតាមឯកសារពិតផ្កានេះមានឈ្មោះជាភាសាខ្មែរ និងមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណថែមទៀតផង។
ឯកសារនៃប្រវត្តផ្កាអ័រគីដេនៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជាគឺមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបន្ទាយស្រី និងអង្គរវត្តកាលពី៧០០ឆ្នាំមុន ដោយខ្មែរបានហៅផ្កានេះថា ផ្កាកេសកុល ។
មកដល់ពេលនេះផ្កាកេសកុល ឬផ្កាអ័រគីដេ នៅក្នុងដែនជម្រកធម្មជាតិនៅក្នុងប្រទេសកំពុងតែរងនូវការបាត់បង់ផងដែរ ដោយសារតែការកាប់ឆ្ការព្រៃ ដើម្បីធ្វើកសិកម្ម ហើយនិងការកើនឡើងនូវតម្រូវការនៃការធ្វើពាណិជ្ជកម្មខុសច្បាប់ដែលតម្រូវឲ្យមានការការពារ ហើយនឹងសិក្សាស្រាវជ្រាវបន្ថែមទៀតនៅមុនពេលដែលពពួកផ្កាទាំងនេះបានត្រូវបាត់បង់ពីព្រៃធម្មជាតិ ៕ស្រីមុំ