រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ទី ២ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួប ពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារ ពិភពលោក ប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ (World Bank’s Director Division for Vietnam, Cambodia, and Lao PDR) ។
ជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារពិភពលោក នាពេលកន្លងមក, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារ ពិភពលោក ឆ្នាំ ២០២៥-២០២៩ (Country Partnership Framework CPF 2025-2029) ។ ដើម្បី ឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, លោកស្រី ក៏បានរាយការណ៍អំពីការវិភាគថ្មី “Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំង កម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស ។ សម្រាប់ឆ្នាំ ២០២៦ នេះ, កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារអាម៉េរិក ហើយគ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់ ។
ជាមួយគ្នានេះ, ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយ បដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័ស ទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្រប ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យ ថាមពល: និង ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការអភិវឌ្ឍមនុស្ស ជាដើម ។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, លោកស្រី ម៉ារីយ៉ាម សឺរមែន ក៏បានជូនដំណឹងថា ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែល ទើបចូលកាន់តំណែងថ្មី គ្រោងនឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងស្វាគមន៍ និងត្រៀមខ្លួនផ្តល់កិច្ចសហការល្អប្រសើរជាមួយឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមមកកម្ពុជានាពេលខាងមុខ និងជាថ្មីម្តងទៀត បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករបស់ធនាគារ ពិភពលោក ព្រមទាំងជូនពរលោកស្រី ម៉ារីយ៉ាម សឺរមែន ទទួលជោគជ័យ ក្នុងដំណើរបេសកកម្មនៅកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












