Wednesday, October 27, 2021

សមត្ថកិច្ច​ចុះមក​ណែនាំ​កុំ​ឲ្យ​ចាក់ធុងបាស​រំខាន​អ្នកជិតខាង បែរជា​ឈ្លោះ​ជាមួយ​សមត្ថកិច្ច រហូតដល់​ការឃាត់ខ្លួន​បុរស​ម្នាក់​

ភ្នំពេញ​៖ ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពេល​ផឹកស៊ី​ស្រែកច្រៀង​និង​ចាក់ធុងបាស​ក្នុង​កម្មវិធី​ខួបកំណើត​រំខាន​ដល់​អ្នកជិតខាង និង​មានទំនាស់​ជាមួយ​សមត្ថកិច្ច​ពេល​ចុះទៅ​អន្តរាគមន៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃទី​២៩​ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​មួយកន្លែង​ដែល​ផ្លូវ​៤៩០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ផ្ទះកើតហេតុ​ខាងលើ​បានធ្វើ​កម្មវិធី​ខួបកំណើត និង​បាន​ចាក់​បាស​ច្រៀង​រាំ​ជាមួយ​បងប្អូន​យ៉ាង​សប្បាយ លុះដល់​វេលា​ម៉ោង​ប្រហែល​៩​ជាង ការចាក់​ធុងបាស បាន​បិទ​ហើយ ប៉ុន្តែ​ការផឹកស៊ី​នៅ​បន្ត​ដល់​ម៉ោង​ជិត​១១​យប់ ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​២​នាក់​ចុះមក​ណែនាំ ហាមឃាត់​មិន​ឲ្យ​បន្ត​ការចាក់​ធុងបាស ភ្លាមនោះ​ក៏​ស្រាប់​តែមាន​ជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក រហូតដល់​ការ​ប្រទាញប្រទង់​គ្នា ក៏ត្រូវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ស្ថិតក្នុង​អាការ​ស្រវឹង យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ភ្លាមៗ ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម​។​

​គួរ​បញ្ចា​ក់ថា នៅក្នុង​ហេតុការណ៍​ខាងលើនេះ ភាគី​ខាង​ម្ចាស់​កម្មវិធី​ខួបកំណើត​បាន​ចោទប្រកាន់ថា​សមត្ថកិច្ច​ថា បាន​មកដល់​ភ្លាម​និយាយ​កំ​ហ៊​ក​និង​ប្រើ​អំពើហិង្សា មកលើ​ពួកគាត់​និង​បាន​បម្រុង​ដក​កាំភ្លើង​គំរាម​ពួកគាត់​ទៀតផង​។​

​ចំណែកឯ​ភាគី​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នោះ​មានតែ​ការ​ប្រទាញប្រទង់​គ្នា គឺ​គ្មាន​ដក​កាំភ្លើង​មក​គំរាម​អី​នោះទេ ពេលនោះ​មាន​សមត្ថកិច្ច​ដែល​ចុះទៅ​អន្តរាគមន៍​នោះបាន​ជ្រុះ​វិទ្យុទាក់ទង​ហើយក៏​បាន​រើស​យកមក​សៀតចង្កេះ​វិញ ទើប​ខាង​ម្ចាស់​នោះ​ចោទថា​ដក​កាំភ្លើង ។

​បច្ចុប្បន្ន បុរស​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ បន្ត​៕

ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​