សភាចិន បានធ្វើការអនុម័តច្បាប់សន្តិសុខ សម្រាប់ទីក្រុងហុងកុង នៅថ្ងៃអង្គារនេះ បើទោះបីជាមានការព្រមានពីអន្តរជាតិ ពីផលវិបាកដែលចិន នឹងប្រឈមយ៉ាងណាក៏ដោយ។
ច្បាប់សន្តិសុខថ្មីរបស់ក្រុងប៉េកាំង នឹងធ្វើការផ្លាស់ប្តូរនៅក្នុងទីក្រុងហុងកុង ចាប់តាំងពីក្រុងនេះ ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនវិញកាលពីឆ្នាំ ១៩៩៧។
បើតាមទូរទស្សន៍ខ្សែកាបចិន ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ច្បាប់សន្តិសុខជាតិ ត្រូវបានអនុម័តជាឯកច្ឆន្ទដោយគណៈកម្មាធិការអចិន្ត្រៃយ៍ របស់សភាប្រជាជនចិន។
ក្រុងប៉េកាំងបានស្នើច្បាប់សន្តិសុខកាលពីខែមុន ដើម្បឆ្លើយតបទៅនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ច្រើនលើកច្រើនសារនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំមុន។ ច្បាប់ថ្មីនឹងចាត់លើកសកម្មភាពធ្វើឲ្យវឹកវរ ភេរវកម្ម ការផ្តាច់ខ្លួន និងការឃុបឃិតគ្នាជាមួយនឹងបរទេស។
ច្បាប់ថ្មីសម្រាប់គ្រប់គ្រងហុងកុងនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រជាជនហុងកុងរាប់រយនាក់បានធ្វើការដើរក្បួនយ៉ាងស្ងៀមស្ងាត់តាមដងផ្លូវ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងទៅច្បាប់សន្តិសុខ។
ការដើរក្បួនកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប៉ូលិសហុងកុងមិនអនុញ្ញាតឲ្យពួកគេធ្វើការហែរក្បួនប្រចាំឆ្នាំនៅថ្ងៃទី ១ ខែកក្កដា ដើម្បីប្រារពខួបនៃការប្រគល់ទីក្រុងហុងកុងមកឲ្យចិនកាលពីឆ្នាំ ១៩៩៧។
ប៉ូលីសបញ្ជាក់ថា ការដើរក្បួននឹងរំលោភដល់បំរាមរបស់ទីក្រុង ដែលមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំមនុស្សចាប់ពី ៥០នាក់ឡើងទៅ ដើម្បីទប់ស្កាត់ការរាតត្បាតរបស់ COVID-19។
អង់គ្លេសបានប្រគល់ទីក្រុងហុងកុងទៅឲ្យចិនវិញ ក្រោមកិច្ចព្រមព្រៀង ដែលផ្តល់ឲ្យហុងកុងមានប្រព័ន្ធដឹកនាំមួយសម្រាប់ខ្លួនឯង និងមានស្វ័យភាពកម្រិតខ្ពស់។
កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពទៀតហើយ ក្រោយរដ្ឋាភិបាលចិនស្នើច្បាប់សន្តិសុខ ដែលអ្នកជំនាញមើលឃើញថា ច្បាប់នោះនឹងរឹតត្បិតដល់សេរីភាពប្រជាជនហុងកុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters