ប្រទេសឥណ្ឌានឹងធ្វើការសាកល្បងវ៉ាក់សាំង COVID-19 លើអ្នកស្ម័គ្រចិត្តជាច្រើន នៅក្នុងខែកក្កដា ដែលវាគឺជាផ្នែកមួយ នៃការសាកល្បងរបស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech។
ការធ្វើតេស្តសាកល្បងលើសត្វបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងមានការឆ្លើយតបពីប្រព័ន្ធការពារយ៉ាងមានប្រសិទ្ធភាព។
ការសាកល្បងរបស់ឥណ្ឌា ស្ថិតក្នុងចំណោមការសាកល្បងវ៉ាក់សាំងជាច្រើនទៀត ទូទាំងពិភពលោក។ មានកម្មវិធីវាក់សាំងប្រហែល ១២០កំពុងដំណើរការ។
នេះគឺជាវ៉ាក់សាំងដំបូងបង្អស់ផលិតនៅឥណ្ឌា ដែលអភិវឌ្ឍន៍ចេញពីវីរុស និងត្រូវបានញែកចេញ និងធ្វើឲ្យចុះខ្សោយនៅមន្ទីរពិសោធន៍។
អាជ្ញាធរគ្រប់គ្រងឱសថរបស់ឥណ្ឌា បានអនុញ្ញាតិឲ្យក្រុមហ៊ុន Bharat Biotech ធ្វើការពិសោធន៍វ៉ាក់សាំងទៅលើមនុស្សដំណាក់កាលទី ១ និងទី ២ ក្រោយពេលក្រុមហ៊ុនបានដាក់លទ្ធផលដែលបានមកពីការសិក្សា ការបង្ហាញពីសុវត្ថិភាព និងការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយ។
ការសាកល្បងពីរដំណាក់កាលនោះ ត្រូវធ្វើឡើងដើម្បីកំណត់ថាតើ វ៉ាក់សាំងនោះមានសុវត្ថិភាពឬយ៉ាងណា ជាជាងការកំណត់ពីប្រសិទ្ធភាព។
សូមបញ្ជាក់ថា មានប្រទេសជាច្រើនទូទាំងពិភពលោក កំពុងប្រកួតប្រជែងបង្កើតវ៉ាក់សាំងឲ្យបានជោគជ័យមុនគេ ដើម្បីលក់ទៅកាន់ទីផ្សារ ខណៈដែលវីរុសកូរ៉ូណា មិនមានភាពស្រាកស្រាន្តសោះ ក្រោយពេលផ្ទុះចេញពីចិនកាលពីចុងឆ្នាំ ២០១៩។
បច្ចុប្បន្ន អាមេរិចជាប្រទេសរងគ្រោះខ្លាំងជាងគេ ពីការវាយប្រហាររបស់វីរុស ដោយមានអ្នកស្លាប់ជាង ១២៨.០០០នាក់ និងឆ្លងជាង ២,៦៤លាននាក់។
ចំណែកអ្នកឆ្លងសរុបទូទាំងពិភពលោកមាន ១០,៣លាននាក់ និងស្លាប់ជាង ៥០៤.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC