Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ខែ​ដើមឆ្នាំ​២០២០ ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​សម្រេចបាន ៣៩៧ ៦៦០ តោន​

​ភ្នំពេញ​ ៖ ​លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន កើនឡើង​ប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% ដែល​ធៀប​ទៅនឹង​រយៈ​៦​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ២៨១ ៥៣៨ តោន ។​នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ថ្ងៃទី 30 ខែមិថុនា​ឆ្នាំ ២០២០​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក សម្រាប់​ខែមិថុនា ឆ្នាំ​២០២០ នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន ៤១ ៥៦៣ តោន កើនឡើង​ចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០១៩ ដែល​ក្នុងនេះ​មាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤១ ៨៦៤ តោន​, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ៨ ៧៥២ តោន​, អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៩២៤ តោន និង​អង្ករ​ក្រហម​មាន​ចំនួន ២៣ តោន ។​

​ក្រសួងកសិកម្ម​បានបញ្ជាក់​ក្នុង​របាយការណ៍​ថា ​ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ៦​ខែ​នេះ មាន​ចំនួន ៥៦​ប្រទេស​៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។​

​សូមបញ្ជាក់ថា​៖ ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់​៖ សហភាព​អ៊ឺរ៉ុប​កើនឡើង​ចំនួន ៤៥,១៩%, ប្រទេស​ចិន​កើន​ចំនួន ២៥,២០%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន ៤៧,៦៩%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន ៧៩,២៦% ៕ ដោយ​៖​កូ​ឡាប​

×