ប្រទេសកូរ៉េខាងត្បូងបានធ្វើការចាប់ផ្តើមចែកចាយថ្នាំ Remdesivir សម្រាប់ព្យាបាលជំងឺ COVID-19 ដែលថ្នាំនោះត្រូវបានបរិច្ចាគដោយក្រុមហ៊ុនអាមេរិច Gilead Science និងគ្រោងធ្វើការទិញថ្នាំបន្ថែមទៀតនៅក្នុងខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារគ្រប់គ្រងជំងឺរបស់កូរ៉េខាងត្បូង។
“អ្នកជំងឺដែលមានសិទ្ធិប្រើប្រាស់ថ្នាំ Remdesivir ជាអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលកំពុងមានបញ្ហាសួតធ្ងន់ធ្ងរ និងត្រូវការអ៊ុកស៊ីហ្ស៊ែន”។
មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េខាងត្បូង មិនបានបញ្ជាក់ពីចំនួនថ្នាំដែលខ្លួន ទទួលបានការបរិច្ចាកពីក្រុមហ៊ុនអាមេរិចឡើយ។
ក្រុមហ៊ុន Gilead បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់តម្លៃថ្នាំ Remdesivir ៣៩០ដុល្លារក្នុងមួយដបនៅក្នុងសហរដ្ឋអាមេរិច និងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ហើយក្រុមហ៊ុននេះ បានយល់ព្រមបញ្ជូនថ្នាំរបស់ខ្លួនជិតពាក់កណ្តាល ទៅអាមេរិចក្នុងរយៈពេល ៣ខែខាងមុខ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ជាប្រទេសទី ២ដែលមានការរាតត្បាតវីរុសកូរ៉ូណាខ្លាំងមុនគេ បន្ទាប់ពីប្រទេសចិន ប៉ុន្តែប្រទេសនេះបានគ្រប់គ្រងការរាតត្បាតបានយ៉ាងល្អ និងធ្វើឲ្យការឆ្លងថ្មីមានភាពយឺតយ៉ាវ និងស្ថិតមកដល់កម្រិតទាប។
រហូតមកដល់ពេលនេះ ប្រទេសដែលមានប្រជាជនជាង ៥០លាននាក់នេះ មានអ្នកឆ្លងសរុបទាំងអស់ ១២.៨៥០នាក់ និងស្លាប់ ២៨២នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters