Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែ កក្កដា (July)

ពាក្យ​ថា កក្កដា មកពី​ភាសាបាលី និង ភាសាសំស្ក្រឹត​ថា កក្កដ (​ក័ក​-​ក​:-​ដ​:) ប្រែជា​ខេមរភាសា​ថា សត្វ​ក្តាម​។ កក្កដា គឺជា​ខែ​ទី ៤ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី ៧ នៃ ប្រតិទិន​សកល ហើយ​វា​គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ៧ ដែល​ក្នុង​មួយខែ​មាន​រយៈពេល​៣១​ថ្ងៃ ។ គេ​អាច​ហៅ​ខែកក្កដា ថា កក្កដ​រាសី ក៏បាន ( ពាក្យ​ថា រាសី ប្រែ​ថា ខែ ) ។​

​កក្កដា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី​៧៥៣​ឆ្នាំមុន​គ្រិ​ស្ទ​សករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នោះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ( អាន​ថា មី ណា ) ។ ដោយហេតុនេះ កាលណោះ កក្កដា គឺជា​ខែ​ទី ៥ ហើយ​មានឈ្មោះ​ជា​ភាសាឡាតាំង​ថា Quintilis ។ ដូច្នេះ​មកដល់​ឆ្នាំ​២០២០ នេះ ខែកក្កដា មាន​អាយុកាល​២៧៧៣ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី ២ ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង ៧ អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ។ ​ប្រតិទិន​នេះ​ក្នុង​មួយ​ឆ្នាំមាន​១២​ខែ​ហើយ​ខែកក្កដា​ក៏បាន​ក្លាយទៅជា​ខែ​ទី​ប្រាំពីរ​តាំងពី​ពេល​នោះមក​។​

ប្រតិទិន​នូ​ម៉ា​នេះ​ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន​ជូ​លាន​ដោយ​លោក​ជូ​លី​យើ​ស​សេ​ហ្សា​នៅ​៤៦ ឆ្នាំមុន​គ្រិស្តសករាជ​។​ដើម្បី​ជាការ​ដឹងគុណ​ដល់​លោក​ជូ​លី​យើ​ស​សេ​ហ្សា​ដែល​បាន​បង្កើត​ប្រតិទិន​ថ្មី​នេះ​សភា​រ៉ូ​ម៉ាំង​បាន​កែប្រែ​ឈ្មោះ​ខែ​ទី ៧​គឺ​ខែ ​Quintilis ​ដាក់​ទៅជា ​Julius វិញ​។​ ខែ​ក្កដា​ដែលជា​ភាសា​អង់គ្លេស​ហៅថា ​July គឺ​មកពី​ភាសាឡាតាំង​ដែលជា​ឈ្មោះ​ដើម​ថា Julius នេះឯង​។​

លុះដល់​ឆ្នាំ​១៥៨២ ​នៃ​គ្រិស្តសករាជ​ក៏ត្រូវ​បាន​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣ ​កែប្រែ​ប្រតិទិន​ជូ​លាន​នេះ​ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន​ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន​។​

ការ​ទស្សន៍ទាយ​ចំពោះ​ជន​កើត​ខែ កក្កដា​

តាម​ក្បួន​ហោរា​នៃ​ពួក​ប​ស្វិ​ម​លោក​បុគ្គល​ដែល​ចាត់ទុកថា​កើត​នៅក្នុង​ខែកក្កដា​គឺ​ជនានុជន​ទាំងឡាយណា​កើត​នៅក្នុង​ចន្លោះ​ថ្ងៃទី​២១​ខែមិថុនា​-​ថ្ងៃទី​២២​ខែកក្កដា​ហើយ​មនុស្ស​ទាំងនេះ​គេ​អាច​ហៅថា​កក្កដ​រាសី​បុគ្គល​ក៏បាន​។​កក្កដ​រាសី​បុគ្គល​ស្មើនឹង​មនុស្ស​កើត​ឆ្នាំ​ពពែ នៃ ក្បួន​ហោរា​ចិន ឬ ឆ្នាំ មមែ នៃ ក្បួន​ហោរា ខ្មែរ​។​

កក្កដ​រាសី​បុគ្គល ធាតុទឹក ទទួល​ឥទ្ធិពល​ពី​ភព​ព្រះ​ចន្ទ​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍​មនោសញ្ចេតនា​។​ត្បូង​នាំ​សំណាង​គឺ​ត្បូង​ដួង​ចន្ទ​គជ់​ត្បូង​ទទឹម​និង​ត្បូងថ្ម​យក់ស​ឬ​ថ្លើមថ្ម​ស​។​អ្នក​កើត​ក្នុង​កក្កដ​រាសី​ឆុង​នឹង​អ្នក​កើត​ខែកុម្ភៈ​។​

​កក្កដ​រាសី​បុគ្គល​ គឺជា​មនុស្ស​ពូកែ​ដាក់​មនោសញ្ចេតនា​ជ្រាលជ្រៅ ( ស៊ី​អារម្មណ៍ ឬ ចូល​តួ )​។​គ្រួសារ​គឺជា​កត្តា​សំខាន់​ទី​១ សម្រាប់​ចិត្ត​របស់​មនុស្ស​កើត​ខែកក្កដា​។​មនុស្ស​នេះ​តែងមាន​ចិត្ត​សន្តោស​ប្រណី​និង​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​មនុស្ស​ដែល​នៅក្បែរ​ខ្លួន​មាន​មេត្តាធម៌ មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ការពារ​មនុស្ស​ជាទី​ស្រឡាញ់​ដល់ទី​បំផុត​។​ការចេះ​លះបង់​ខ្ពស់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នេះ គឺជា​ចំណុច​ដ៏​ពិសេស​សម្រាប់​បុគ្គល​នេះ​។​គេ​ស័ក្តិ​សមជា​ឪពុក​ឬ​ម្តាយ​គេ​បំផុត​។​នៅពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ​បុគ្គល​នេះ​មិនដែល​យក​ជម្លោះ​នោះមក​ដាក់​ក្នុង​ចិត្ត​ហើយ​គិត​ចង់​សងសឹក​ឡើយ ថែមទាំង​ចេញមុខ​មក​ការពារ​គ្រួសារ​គ្រប់ពេលវេលា​ទៀតផង​។​

​ប៉ុន្តែ​បុគ្គល​នេះ​ក៏មាន​ចំណុចខ្សោយ​គួរឱ្យ​រកាំចិត្ត​ណាស់ដែរ​គឺ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​អ្នកដទៃ​ហើយ​បង្ហាញ​ឱ្យ​អ្នកផ្សេង​យល់ថា​នោះ​ជា​របៀប​របស់​ខ្លួនគេ ចូលចិត្ត​រំឭក​រឿង​អតីតកាល​បង្កជម្លោះ​ដោយ​ប្រយោល​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ចាក់រុក​ឱ្យ​អ្នកដទៃ​ឈ្លោះ​គ្នា ចូលចិត្ត​រំខាន​អ្នកដទៃ​និង​ចូលចិត្ត​ធ្វើខ្លួន​ជា​អ្នកគ្រប់គ្រង​ត្រួតត្រា​គេ​។​

​បុគ្គល​កើត​ក្នុង​ខែ កក្កដា​តែងតែ​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​ភ្លាមៗ ដោយ​មិន​ខ្វល់​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​ឡើយ​។​បុគ្គល​នេះ​លង់​ស្រឡាញ់​នរណាម្នាក់​គឺ​លង់​ស្រឡាញ់​ភ្លែត​មិនដែល​មើលចិត្ត​ឬ​ស៊ើប​ប្រវត្តិរូប​មនុស្ស​នោះ​ជាមុន​ឡើយ​។​បុគ្គល​កើត​ក្នុង​កក្កដ​រាសី​មិន​ចូលចិត្ត​ឡើយ​នូវ​មនុស្ស​ដែល​ពូកែ​អួត​ក្អេងក្អាង​ឬ​វាយឫក​ពេក ។​បុគ្គល​កើត​ក្នុង​កក្កដ​រាសី​គឺជា​គូស្នេហ៍​ដែល​ចេះ​លះបង់​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បំផុត​និង​ជា​មនុស្ស​ដែល​ចេះ​ស្រឡាញ់​កូនៗ​និង​គ្រួសារ​អស់​មួយជីវិត​។​

ទោះ​មាន​ចរិតមិនល្អ​ខ្លះ​ដូច​ពោល​ខាងលើ​មកហើយ​ក្តី​បុគ្គល​កើត​ក្នុង​កក្កដ​រាសី​គឺជា​មិត្តភក្តិ​ម្នាក់​ដែល​ចេះ​ជួយ​អ្នកដទៃ​ខ្លាំងណាស់​។​បុគ្គល​នេះ​ចាត់ទុក​មិត្តភក្តិ​គឺជា​របស់​មានតម្លៃ​បំផុត​ទី​ពីរ​បន្ទាប់ពី​គ្រួសារ​របស់ខ្លួន​។​

តាម​ធម្មតា​បុគ្គល​នេះ​មិនសូវ​ចេះ​រើសអើង​ចំពោះ​ការងារ​ឡើយ​ពោល គឺ​តែងតែ​ចាប់យក​ឱកាស​ធ្វើ​ការងារ​គ្រប់​ប្រភេទ​ឲ្យ​តែ​គេ​មានឱកាស​។​ប៉ុន្តែ​ការងារ​ដែល​បុគ្គល​នេះ​អាច​រីកចម្រើន​និង​ត្រចះត្រចង់​បាន​គឺ​មានតែ​ប្រភេទ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការមើល​ថែទាំ​ប៉ុណ្ណោះ​ជាពិសេស​បើជា​នារី​វិញ​ការងារ​គិលានុបដ្ឋាយិកា​គឺ​ល្អ​បំផុត​ហើយ​។​ទោះយ៉ាងណា​ការងារ​ជា​អ្នកសារព័ត៌មាន​ក៏​សមគួរ​ដល់​បុគ្គល​នេះដែរ​ហើយ​បើជា​បុរស​វិញ​ការងារ​ជា​អ្នកនយោបាយ​ក៏​ស័ក្តិសម​ណាស់ដែរ​។​

​កក្កដ​រាសី​បុគ្គល​ប្រសប់​រកលុយ​ខ្លាំងណាស់​ហើយ​ចាយវាយ​ត្បិតត្បៀត​ក៏​ណាស់ដែរ​។ ​មនុស្ស​នេះ​ហ្មត់ចត់​បំផុត​ក្នុង​រឿង​ទុកដាក់​លុយកាក់​ហើយ​ប្រសិនបើ​បុគ្គល​នេះ​គិត​ចង់​យកលុយ​វិនិយោគ​វិញ​ក៏​គេ​មិន​វិនិយោគ​ច្រើន​ដែរ​ប៉ុន្តែ​ផលចំណេញ​ពី​ការវិនិយោគ​នោះ​តែងតែ​ហូរ​ចូលមក​វិញ​យ៉ាង​ក្រាស់ក្រែល ៕ ដោយ ៖ បញ្ញាភា

គំនូរ​រូប​សត្វ ក្តាម​ដែលជា​និម្មិត​សញ្ញា​នៃ​ខែកក្កដា (រូបៈ អ៊ី​ន​ធឺ​ណេ​ត​)
ត្បូង​ដូង​ចន្ទ​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែកក្កដា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​) ​

 

×