Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ផលិត​ពពុះសណ្តែក ៧ ទីតាំង នៅក្នុង​ស្រុក​ខ្សាច់កណ្តាល សង្ស័យ​មាន​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​

​កណ្តាល​៖ ទីតាំង​សិប្បកម្ម​ផលិត​ពពុះសណ្តែក​ចំនួន ៧ ទីតាំង ស្រុក​ខ្សាច់កណ្តាល ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​​ដើម្បី​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​.​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ១០​កើត​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល ដោយមាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី ដោយមាន​ការសម្របសម្រួល និង​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ពពុះសណ្តែក​ចំនួន ៧ ទីតាំង នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី និង​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ដកហូត​ពពុះសណ្តែក​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ចំនួន ៧ ទីតាំង សរុប​ទម្ងន់ ១០៨ គីឡូក្រាម​។ បន្ទាប់មក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ផ្អាក ទីតាំង​ផលិត​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​ក្នុង​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​ពពុះសណ្តែក​ដែលមាន​ផ្ទុក​សារ​ធា​គីមី​បូរ៉ា​ក់​ចំនួន ២០,៥ គីឡូក្រាម​។

​បន្ទាប់ពី​ការធ្វើ​កំណត់ហេតុ​ដកហូត និង​សាកសួរ​ស្វែងរក​ប្រភព ម្ចាស់​ពពុះសណ្តែក​ខាងលើ បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ផលិត​ពពុះសណ្តែក​មកកាន់​មន្ត្រី​ជំនាញ ដើម្បី​ចាត់​មន្ត្រី​មាន​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ទីតាំង និង​ប្រភព​នៃ​ការផលិត​៕

ដោយ​៖​កូ​ឡាប​

×