Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​រាជធានី ទទួលស្គាល់ និង​ដាក់វិន័យ​ទៅ​មន្ត្រីនគរបាល ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​យក​ជង្គង់​សង្កត់​លើ​ក្បាល​ជនសង្ស័យ​ទៅនឹង​ថ្នល់

​ភ្នំពេញ​៖ នគរបាល​មូលដ្ឋាន​បានចេញ​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ធ្លាប់ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោយ​យក​ជង្គង់​សង្កត់​លើ​ក្បាល​ជនសង្ស័យ​ទៅនឹង​ថ្នល់ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​ករណីនេះ ស្នងការ​នគរបាល​រាជធានី​បាន​ទទួលស្គាល់ថា សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន នៃ​វិជ្ជាជីវៈ ហើយនឹង​ធ្វើការ​អប់រំ​ណែនាំ និង​ពិនិត្យ​ដាក់វិន័យ​ទៅ​មន្ត្រីនគរបាល​រូបនោះ តាមបែប​កងកម្លាំង​នគរបាលជាតិ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើង​ពិនិត្យឃើញ​មានការ​ចែករំលែក​បន្ត​គ្នា​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពាក់ព័ន្ធ​និង​ករណី​បង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ពិនិត្យឃើញ​មានការ​បកស្រាយ​មួយចំនួន ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ មកលើ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា ម៉ោង ១៧:៣០​នាទី នគរបាល​មូលដ្ឋាន​បានចេញ​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ធ្លាប់ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ក៏​បានឃើញ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុង​រាជ ហៅ ខ្នា​ក់ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash-V ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បាន​ឈប់​ម៉ូតូ​ទទួលយក​គ្រឿងញៀន ពី​ជនសង្ស័យ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ រួច​ជនសង្ស័យ​ម្នាក់​គេច​ចូល​ដីឡូត៍​ក្បែរ​នោះ​បាត់ទៅ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុង​រាជ បាន​ជិះ​ម៉ូតូ​ចេញ​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​។​

​ជនសង្ស័យ​ឈ្មោះ វ៉េ ឡូង​រាជ្យ ហៅ ខ្នា​ក់ គឺជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន នៅ​ទីតាំង​ខាងលើ ដែល​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ កំពុង​ស៊ើបអង្កេត​តាមរក​ចាប់ខ្លួន រួមជាមួយ​និង​បក្ខពួក​មួយចំនួនទៀត​។ អំឡុងពេល​ប្រតិបត្តិ​ការឃាត់ខ្លួន សមត្ថកិច្ច​ពិនិត្យឃើញ​ជនសង្ស័យ ស្ថិតក្នុង​ស្ថានភាព​ញៀន​គ្រឿងញៀន​ខ្លាំង និង​ស្រវឹងស្រា​ជោកជាំ និង​មាន​ចេតនា​ប្រើ​ដំបង​ប្រព្រឹត្ត​អំពើហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ទើប​សមត្ថកិច្ច​ឈានដល់​ការប្រើ​សិទ្ធិ​ការពារ​ខ្លួន ឈាន​ការចាប់ខ្លួន​ជនសង្ស័យ វាយខ្នោះ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​នីតិវិធី​ច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​យើងខ្ញុំ​ទទួលស្គាល់ថា សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន នៃ​វិជ្ជាជីវៈ យើងខ្ញុំ​នឹងធ្វើ​ការអប់រំ​ណែនាំ និង​ពិនិត្យ​ដាក់វិន័យ តាមបែប​កងកម្លាំង​នគរបាលជាតិ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​រិះគន់​ក្នុងន័យ​ស្ថាបនា យើងខ្ញុំ​សូម​អំពាវនាវ ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន “៕
​ដោយ​៖​កូ​ឡាប​


×