ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាពបើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជម្ងឺកូវីត១៩។
កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រវាងប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។
នៅក្នុងជំនួប គណៈប្រតិភូទាំងពីរគ្រោងលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតនៅចន្លោះព្រំទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃឡង់ដ៏) សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការមកពិនិត្យជម្ងឺនៅក្នុងប្រទេសថៃ និងធុរជនថៃ ដែលត្រូវការចូលទៅវិនិយោគនៅកម្ពុជា ដោយមានកំណត់ចំនួនក្នុងមួយថ្ងៃ។
ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ ភាគីទាំងពីរនឹងដាក់សំណើទៅកាន់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀតមានដូចជា៖ ច្រកអន្តរជាតិអូរស្មាច់ (ខេត្តឧត្តរមានជ័យ) និងចុងជាំ (ខេត្តសុរិន្ទ), ច្រកអន្តរជាតិដូង (បាត់ដំបង) និងបានឡែម (ច័ន្ទបូរី), និងច្រកអន្តជាតិចាំយាម (កោះកុង) និងហាតឡេក (ត្រាត) ជាដើម។ល។ ដើម្បីជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មទេ្វភាគី សំដៅស្តារឡើងវិញនូវចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រចបានទឹកប្រាក់ ៣,១ប៊ីលានដុល្លារ កើនឡើង ១៨,៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ ៦៨៧លានដុល្លារ កើនឡើង ១០៦% ចំណែកការនាំចូលមានទឹកប្រាក់ ២,៤ប៊ីលានដុល្លារ កើនឡើង ៥,៦%៕
ដោយ៖CEN