ភ្នំពេញ៖ អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ (ខ្មែរឥស្លាម) ជាអតីតប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋនៅស្រុកគាស់ក្រឡ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងទើបបញ្ជូនមកដល់ភ្នំពេញនៅរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០២០។ ការឃាត់ខ្លួនអភិបាលរងខេត្តម្នាក់នេះ គឺជាប់ពាក់ព័ន្ធនឹងការឃាត់ខ្លួនលោកឧកញ៉ា សង ថន កាលពីប៉ុន្មានថ្ងៃមុននេះ។
បើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនាព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា៖ “គាត់ (លោក ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ”។
សម្រាប់លោកឧកញ៉ា សង ថន ដែលជាមនុស្សមានឥទ្ធិពល និងមានមុខមាត់ខ្លាំងនៅស្រុកគាស់ក្រឡ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីសួរនាំ ហើយត្រូវបានព្រះរាជអាជ្ញាលើកពេលការសួរនាំ ដោយសាររូបលោកឧកញ៉ាត្រូវបានបញ្ជូនទៅព្យាបាលនៅកាល់ម៉ែត ដើម្បីពិនិត្យសុខភាព។
ការដកតំណែងអភិបាលស្រុកគាស់ក្រឡ និងការឃាត់ខ្លួនលោកឧកញ៉ា សង ថន បូកជាមួយការបន្តមកចាប់អភិបាលរងខេត្តម្នាក់នេះទៀត គឺពាក់ព័ន្ធរឿងរ៉ាវដីធ្លីជាមួយពលរដ្ឋមួយចំនួន ដែលត្រូវបានតុលាការកាត់ទោសរួចទៅហើយនោះ។ ពេលខ្លះអំពើបាប គង់តែហុចលទ្ធផលទេ គ្រាន់តែយូរ និងឆាប់ ហើយក៏គ្មានឡើយជាតិក្រោយ សូមកសាងផលបុណ្យឲ្យបានច្រើនសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងថែមទៀត៕
ដោយ៖កូឡាប