ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំំឡុងពេលជំងឺកូវីដ១៩ ដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មកក្រសួងផែនការសង្កេតឃើញមានប្រជាជនមួយចំនួន និងមានការប្រមូលផ្តុំតាមរយៈអ្នកបំផុសឲ្យតវ៉ា ដើម្បីទទួលបានប័ណ្ណសមធម៌ និងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរាជរដ្ឋាភិបាល។
ក្រសួងផែនការនៅថ្ងៃទី១កក្កដានេះ បានប្រកាសថា ដើម្បីតម្លាភាព និងដោះស្រាយជូនប្រជាជន ដូចបានជម្រាប់ខាងលើនៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងស្វាយរៀង ក្រសួងបានចាត់តាំងក្រុមងការងារចុះដោះស្រាយដែលបានរៀបចំទុករួចជាស្រេចរួមទាំងអាជ្ញាធរថ្នាក់ស្រុក ឃុំ សង្កាត់ និងភូមិ ចុះដល់ទីកន្លែងដែលបានបំផុសការតវ៉ាភ្លាមៗ និងទទួលបានលទ្ធផលដូចខាងក្រោម៖
គ្រួសារខ្លះកាន់តែប័ណ្ណសមធម៌ដែលហួសសុពលភាព , គ្រួសារភាគច្រើនជាគ្រួសារដែលមានជីវភាពប្រសើរ ,សមាជិកគ្រួសារខ្លះកំពុងរស់នៅជាមួយគ្រួសារកូនដែលមានជីវភាពប្រសើរ និងគ្រួសារខ្លះ ឮការប្រកាសរបស់រាជរដ្ឋាភិបាល និងឃើញគ្រួសារក្រីក្រទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក៏ចង់បានដូចគេដែរ។
ឆ្លងតាមលទ្ធផលដែលបានចុះដោះស្រាយនៅទីកន្លែងតវ៉ាផ្ទាល់ ជាថ្មីម្តង់ទៀត និងដើម្បីរក្សាបាននូវសេចក្តីថ្លែថ្នូរ និងការយោគយល់ដល់គ្រួសារក្រីក្រ ក្រសួងផែនការសូមជម្រាបជូនប្រជាពលរដ្ឋយើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ គឺផ្តល់ជូនតែគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលកំពុងកាន់ប័ណ្ណសមធម៌មានសុពលភាពប៉ុណ្ណោះ។ ដូច្នេះ បើគ្រួសារណាគិតថាខ្លួនក្រ ឬងាយរងគ្រោះ និងដើម្បីរក្សាបាននូវភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ សូមមេត្តានាំគ្នាទៅសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅអចិន្ត្រៃយ៍ដើម្បីស្នើសុំដាក់ពាក្យសុំសម្ភាសន៍ ៕ ដោយ៖កូឡាប