ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡា លើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន។
ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡានេះ ដំណើរការទៅបានរលូន និងទទួលបានជោគជ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ នេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនេះ និងបានស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ អាជ្ញាធររាជធានី នឹងធ្វើឲ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងដើរឲ្យបានស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅពេលនោះ បងប្អូនប្រជាពលរដ្ឋ ក៏បានបង្ហាញ់ទឹកចិត្តស្រឡាញ់ រាប់អាន យ៉ាងខ្លាំង ចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងនេះ។
បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះទៅពិនិត្យទីតាំងនោះ ជាមួយលោកអភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋាន ចេញពីការ៉ាសសាំងតូតាល់ ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់ ២ម៉ែត្រ ។ ដំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់២) នេះ រហូតដល់ទប់វត្តនាគវ័ន ដែលមានប្រវែង៤៣៧ម៉ែត្រ។
មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡា សម្រាប់ថ្មើរជើងនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដាច់ខាតត្រូវតែរៀបចំផ្លូវនេះ ឲ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ៕
ដោយ៖កូឡាប