Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាល​ខេត្ត ជំរុញ​ឲ្យ​កសិករ និង​សហគមន៍​កសិកម្ម​ទាំងអស់ បង្កើន​ការដាំ​ដំណាំ​បន្លែ​ឲ្យ​បាន​ច្រើន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​គ្មាន​ជាតិគីមី​

​តាកែវ​៖ អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ​ទៅដល់​ក្រុម​កសិករ និង​សហគមន៍ កសិកម្ម​គី​រី​ឧ​ត្ត​ម​តា​អូរ ដែល​កំពុងតែ​ប្រកប​របរ​កសិកម្ម​ដាំ​ដំណាំ​រួមផ្សំ នៅក្បែរ​ផ្ទះ​របស់ខ្លួន ត្រូវ​បង្កើន ការដាំ​ដំណាំ​បន្លែ​នេះ ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​យកមក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ ដែល​វិស័យ​កសិកម្ម មិន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដូច​វិស័យ​ផ្សេងៗ​នោះឡើយ ។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ជួប​ក្រុម​កសិករ និង​សហគមន៍​ខាងលើ នៅក្នុង​ឃុំ​សោម និង​ឃុំ​តា​អូរ ស្រុក​គីរីវង់ កាលពី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ស្រប​ពេលដែល​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា វិស័យ​នានា​ដូចជា​ទេសចរណ៍ សំណង់ និង​វាយណភ័ណ្ឌ រង​ផលប៉ះពាល់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង តែ​វិស័យ​កសិកម្ម​នៅតែ​ដំណើរការ​ជាធម្មតា មិន​ប៉ះពាល់​អ្វី​ឡើយ ដូច្នោះ​សូម​បងប្អូន​ប្រជាកសិករ​ត្រូវខិតខំ​ដាំ​ដុះ និង​បង្កើន​ផលដំណាំ​បន្លែ​នេះ ឲ្យ​បាន​កាន់តែច្រើន ព្រោះ​សម្រាប់​ទីផ្សារ​នៃ​ការលក់​ចេញ មាន​ច្រើនណាស់​នៅក្នុង​ស្រុក​របស់​យើង ។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ឌិន មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​ខេត្ត សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានធ្វើ​តេស្ត​រកឃើញ​បន្លែ​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​ចំនួន​៤​មុខ មាន​សំ​ណា​ល់​ថ្នាំ​កសិកម្ម​ដែល​វា​ជា​បញ្ហា​នឹងមាន​គ្រោះថ្នាក់ ទៅដល់​សុខភាព​របស់​មនុស្ស​នៅពេល​បរិភោគ ដូច្នោះ​សូម​ក្រុម​កសិករ ក៏ដូចជា​សហគម​ន៍ក​សិ​កម្ម ដែល​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង ស្រុក​គីរីវង់ ត្រូវ​ដាំ​ដំណាំ​បន្លែ​នេះ ឲ្យ​បាន​ច្រើន​ទ្វេ​រដង ពិសេស​ត្រូវ​ធានា​ឲ្យ​បាន​ថា ជា​ប្រភេទ​បន្លែ​ដែល​ល្អ ស្រស់​មិន​ប្រើ​សំ​ណា​ល់​ថ្នាំ​កសិកម្ម ដែល​ហាមឃាត់​នោះទេ ពោលគឺ​ប្រើ​ជីធម្មជាតិ​ឬ​ជី​សេរី​រា​ង្គ ដើម្បី​ឲ្យ បន្លែ​របស់​យើង​បរិភោគ​ទៅ មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

បើតាម​ឯកឧត្តម​អភិបាល​ខេត្តតាកែវ អ៊ូច ភា ក៏បាន​ជំរុញ​បន្ថែមទៀត​ទៅដល់​ក្រុម​កសិករ ពិសេស​ទៅដល់​សហគមន៍​កសិក​ម្ម​គី​រី​ឧ​ត្ត​ម​តា​អូរ ត្រូវ​ដាំ​ដំណាំ​បន្លែ​នេះ ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស របស់​មន្ទីរ​កសិកម្ម​ខេត្ត ព្រោះ​ដំណាំ​បន្លែ​របស់​កសិករ​រប​ស់​យើង​ល្អ និង​គ្មាន​សារធាតុ​គីមី បន្លែ​ធម្មជាតិ បងប្អូន​នឹងមាន​ទីផ្សារ​កាន់តែច្រើន ពិសេស​អាច​លក់​នៅតាម​ផ្សារ​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចំណូល​របស់​កសិករ​នឹង​កើនឡើង​ផងដែរ ។​

​កសិករ​ឈ្មោះ អ៉ឺ​ន ឯម រស់នៅ​ភូមិ​សោម ឃុំ​សោម ស្រុក​គីរីវង់ ខេត្តតាកែវ ដែល​ដាំ​ត្រសក់​នៅលើ​ផ្ទៃដី​ចំនួន​៣០​អា តាំងពី​ឆ្នាំ​២០១៧ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ពួកគាត់​បាន​ដាំ​ដំណាំ​ត្រសក់​នេះ អស់​រយៈពេល​ជាង​៣​ឆ្នាំ គឺ​កម្រិតជីវភាព​របស់គាត់​ឃើញថា មាន​ភាព​ធូរធា​ច្រើន មិន​លំបាក​ដូច​មុន ហើយ​សព្វថ្ងៃនេះ គាត់​ប្រមូល​ផល​ពី​ដំណាំ​ត្រសក់​ពី​បាន​៨០​ទៅ​៩០​គីឡូក្រាម​ក្នុង​មួយថ្ងៃៗ ក្នុងនោះ​ត្រសក់​១​គីឡូ​តម្លៃ​១០០០​រៀល​ឡើងទៅ ៕

ដោយ​៖ តាកែវ​


×