ភ្នំពេញ ៖ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ( គ.យ.ក.ស) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជូនសាធារណជនឱ្យបានជ្រាបផងដែរថា យុទ្ឋនាការនេះ ត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ បើគិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង ២៧% នៃសំណុំរឿងកកស្ទះសរុបត្រូវបានជំនុំជម្រះរួច។
ក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត នៅថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត (គ.យ.ក.ស) បានបើកកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ខ្លួនទាក់ទងនឹងការអនុវត្តយុទ្ធនាការដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២០ កន្លងមក។ ជាលទ្ធផលនៃការអនុវត្តរួមគ្នាការក្នុងរយៈពេល ៤២ ថ្ងៃកន្លងមកនេះសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេសមានចំនួនសរុប៣.៤៥៤សំណុំរឿងស្មើនឹង ២៧ ភាគរយនៃសំណុំរឿង ដែលបានកកស្ទះ។ ទន្ទឹមនឹងការខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្ដាសាលាដំបូងរាជធានីខេត្តដោយក្រុមការងារទាំងបួននិងលេខាធិការដ្ឋានរបស់ គ.យ.ក.ស និងជាពិសេសដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ចៅក្រមព្រះរាជអាជ្ញាក្រឡាបញ្ជីអាជ្ញាសាលាមន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់រួមទាំងស្ថាប័នពាក់ព័ន្ធនានា គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានីខេត្តនៅទូទាំងប្រទេសនឹងខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ”លឿនត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ”។
គ.យ.ក.ស សូមសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រមព្រះរាជអាជ្ញាក្រឡាបញ្ជីអាជ្ញាសាលាមន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ព្រមទាំងក្រុមការងារនៃគ.យ.ក.ស ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធនាការក្នុងការជំរុញការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។
គ.យ.ក.ស សង្ឃឹមយ៉ាងមុតមាំថាតួអង្គពាក់ព័ន្ធទាំងអស់និងចូលរួមបន្តកាន់តែសកម្មថែមទៀតសំដៅរួមចំណែកធ្វើឲ្យយុទ្ធនាការបោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដីអាចសម្រេច លទ្ធផលបានតាមផែនការដែលបានគ្រោងទុក៕ ដោយ៖កូឡាប