ខេត្តព្រះសីហនុ៖ មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុក៍ដូចជាមន្ត្រីសង្ឃក្នុងខេត្តព្រះសីហនុ ឲ្យដឹងថា មានសង្ឃ២អង្គដែលរកឃើញថាមិនមានឆាយាត្រឹមត្រូវ(សង្ឃក្លែងក្លាយ) ត្រូវបានចាប់ផ្សឹកនៅរសៀលថ្ងៃទី២ខែកក្កដា២០២០នេះ នៅក្នុងវត្តឥន្ទញ្ញាណក្រុងព្រះសីហនុ ដើម្បីប្រគល់ជូនអជ្ញាធរមានសមត្ថកិច្ចដោះស្រាយបន្ត។
ការចាប់ផ្សឹកនេះធ្វើឡើង បន្ទាប់ពីព្រះអនុគណស្រុកស្ទឹងហាវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គនេះ មកប្រគេនព្រះលេខាគណ ដើម្បីដោះស្រាយតាមធម៌វិន័យ រួមមាន ៖ ១ .ភិក្ខុឈ្មោះស៊ីន សៀងអាយុ២៥ ឆ្នាំ គ្មានឆាយា គង់នៅវត្តថាន់ រាជធានីភ្នំពេញ(បួសមុខភ្លើង) ។ ២ .ភិក្ខុឈ្មោះជា សុផល អាយុ ៣០ ឆ្នាំ គង់នៅវត្តថាន់ ដែលបិណ្ឌបាត្ររៃអង្គាស តាមបែបអានាធិបតេយ្យ នៅក្នុងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រយៈពេលជិត១សប្តាហ៍មកហើយ ។
ក្រោយពេលសួនាំ មន្ត្រីសង្ឃពិនិត្យឃើញថាវត្ថុតាងមានបាត្រ២ ឆត្រ២ បច្ច័យ មួយចំនួន និងទូរស័ព្ទដៃ និងបានរកឃើញកំហុសដូចតទៅ៖ ១-ឆាយាមាន ការកោសលុបមើលមិនច្បាស់ និងមួយទៀតមានតែប្រវត្តិរូបគំរូថ្មី អត់មានអ្នកទទួលស្គាល់ច្បាស់លាស់ ។ ២-ដើរបិណ្ឌបាត្រដើររៃអង្គាស អនាធិបតេយ្យក្នុងក្រុងនិងក្នុងស្រុកដោយខុសច្បាប់វិន័យសាសនា ។ ៣-ទីកន្លែងគង់នៅមិនពិតប្រាកដ ។ ៤-អ្នកទាំង២នេះបួសក្លែងបន្លំក្នុងសាសនា ។
ក្រោយផ្សឹករួចជំនំសង្ឃបានប្រគល់អ្នកទាំងពីរទៅសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ដោយ៖កូឡាប