ភ្នំពេញ៖ អាជីវកម្មសិក្សាឯកជនទាំងអស់ នៅទូទាំងប្រទេស បានបិទទ្វាអស់រយៈពេលជាច្រើនខែ ដោយត្រឹមតែឱ្យសិស្សានុសិស្សសិក្សាពីចំងាយតាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យសិស្ស និស្សិតនៅគ្រប់កម្រិតសិក្សា ទាំងសាលារៀនរដ្ឋ និងអាជីវកម្មសិក្សាឯកជនទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ រហូតដល់មានការជូនដំណឹងថ្មី។
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានជួបប្រជុំ និងបានឯកភាពគ្នាពិចារណា លើការបើកដំណើរការសាលារៀនឡើងវិញ ជា៣ដំណាក់កាល។
លោកបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការបើកឱ្យដំណើរការសាលារៀនឡើងវិញនេះ មាន ៣ដំណាក់កាល ដោយដំណាក់កាលទី១ នឹងចាប់ផ្តើមពីសាលាដែលមានស្តង់ដារខ្ពស់ជាមុនសិន បន្ទាប់មកគឺ ស្តង់ដារមធ្យម និងស្តង់ដាអប្បបរមា។
ចំពោះកាលបរិច្ឆេទ នឹងចាប់ផ្តើមដំណាក់កាលទី១ នៅពេលណានោះ ក្រសួងអប់រំ ពុំទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែក្រសួងនឹងចេញសេចក្តីប្រកាស ក្នុងពេលខាងមុខនេះ ដើម្បីបញ្ជាក់ជូនសាធារណជន ជាពិសេសគឺអាណាព្យាបាល ដែលកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការបើកឱ្យដំណើរការទាំងអាជីវកម្មសិក្សាឯកជន និងសាលារៀនទូទាំងប្រទេ៕
ដោយ៖CEN