ប្រទេសចិនមានគម្រោងធ្វើការកែប្រែច្បាប់បរិច្ចាគសរីរាង្គ ដើម្បីដោះស្រាយបញ្ហាខ្វះអ្នកបរិច្ចាគ និងទប់ស្កាត់ការប្រមូលសរីរាង្គខុសច្បាប់ ក្រោយប្រទេសនេះឈប់ទទួលយកសេរីរាង្គពីអ្នកទោសដែលត្រូវប្រហារជីវិត កាលពី ៥ឆ្នាំមុន។
ពង្រាងច្បាប់ថ្មីត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ ទី ១១ ខែកក្កដានេះ ដោយគណៈកម្មការសុខាភិបាលចិន។ ច្បាប់ថ្មីនោះអនុញ្ញាតឲ្យប្រជាជនបរិច្ចាគសរីរាង្គរបស់សាច់ញាតិពួកគេដែលបានស្លាប់។
ច្បាប់នោះក៏ចាត់ទុកថាការយកសរីរាង្គពីកុមាររស់ គឺជារឿងខុសច្បាប់ ខណៈដែលចិនព្យាយាមលុបបំបាត់ការជួញដូរកុមារដើម្បីយកសរីរាង្គ។
ចិនកំពុងរកមធ្យោបាយដោះស្រាយចំពោះបញ្ហាខ្វះអ្នកបរិច្ចាគសេរីរាង្គ ក្រោយពេលប្រទេសនេះ បានបញ្ឈប់ការអនុវត្តដ៏ចម្រូងចម្រាស់ក្នុងការយកសរីរាង្គ ពីអ្នកទោសដែលត្រូវគេប្រហារជីវិតកាលពីឆ្នាំ ២០១៥។
ការធ្វើកំណែទម្រង់ច្បាប់ថ្មីផ្តោតទៅលើការការពារសិទ្ធិស្របច្បាប់របស់អ្នកបរិច្ចាគ ប៉ុន្តែវាមិនទំនងជាជួយបង្កើនឲ្យមានការបរិច្ចាគច្រើននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Wang Bing អ្នកជំនាញផ្នែកដោះស្រាយជម្លោះវេជ្ជសាស្ត្រ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានអនុម័តច្បាប់ ដើម្បីគ្រប់គ្រងការបរិច្ចាគសេរីរាង្គកាលពីឆ្នាំ ២០០៧ ប៉ុន្តែមិនមានការដាក់ទោសទណ្ឌច្បាប់លាស់ និងការអនុវត្តច្បាប់ចំពោះទីផ្សារងងឹតឡើយ កន្លែងដែលក្រលៀនអាចត្រូវគេលក់បានរហូតដល់ ៥០.០០០ដុល្លារ។ នេះបើតាមរបាយការណ៍កាលពីឆ្នាំមុនរបស់សាលាក្តីចិន ដែលជាអង្គការមានមូលដ្ឋាននៅអង់គ្លេស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP