ប្រទេសអង់គ្លេស នឹងធ្វើការដាក់ទណ្ឌកម្មដោយឯករាជ្យជាលើកដំបូង លើបុគ្គលជាច្រើននាក់ ដែលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹងធ្វើការបង្កើតទណ្ឌកម្មដោយបញ្ចេញឈ្មោះ អ្នករំលោភសិទ្ធិមនុស្សជាលើកដំបូង និងធ្វើការបង្កទ្រព្យសម្បតិ្តរបស់ពួកគេ។
កាលពីមុន អង់គ្លេសតែងតែដាក់ទណ្ឌកម្មជាសមូហភាព ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ ឬសហភាពអឺរ៉ុប។
ប៉ុន្តែក្រោយពេលចាកចេញពីអឺរ៉ុប អង់គ្លេសអាចធ្វើវាបានដោយឯករាជ្យ។
ទណ្ឌកម្មលើកដំបូងនោះ មានគោលដៅលើបុគ្គល ឬអង្គការដែលរងការចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្សជុំវិញពិភពលោក ព្រមទាំងអ្នកទាំងឡាយណា ដែលទទួលបានផលពីការរំលោភទាំងនោះ។
រដ្ឋមន្ត្រីការបរទេស នឹងធ្វើការកំណត់ឈ្មោះបុគ្គលជាច្រើន ដែលនឹងរងការបង្កកទ្រព្យសម្បត្តិនៅអង់គ្លេស ហើយពួកគេក៏ត្រូវហាមឃាត់ ពីការចូលមកក្នុងប្រទេសអង់គ្លេសផងដែរ។
បញ្ជីឈ្មោះដំបូង ត្រូវគេរំពឹងថានឹងមានបុគ្គលមកពីរុស្ស៊ី អារ៉ាប៊ីសៅអូឌីត និងកូរ៉េខាងជើង ប៉ុន្តែមិនទាន់មានចិននៅឡើយទេ។
ការប្រកាសទណ្ឌកម្មប្រឆាំងលើបុគ្គលរំលោភសិទ្ធិមនុស្ស កើតឡើងកើតឡើង ក្រោយមានភាពតានតឹងរវាងអង់គ្លេស និងរដ្ឋាភិបាលចិន ជុំវិញច្បាប់សន្តិសុខលើហុងកុង។ ច្បាប់នោះ ត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និយាយថា រំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពរបស់ហុងកុង ដែលជាទឹកដីអាណានិគមន៍អង់គ្លេស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC