ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះបានធ្វើការបង្ហោះផ្កាយរណបចារកម្មថ្មី ដែលខ្លួននិយាយថា វានឹងអាចផ្តល់ការឃ្លាំមើល ដ៏មានគុណភាពខ្ពស់ ដល់ការស៊ើបការណ៍យោធារបស់ខ្លួន។
អ៊ីស្រាអ៊ែល បានធ្វើការបង្កើតសមត្ថភាពចារកម្មរបស់ខ្លួន ដើម្បីតាមដានសត្រូវរបស់ខ្លួនដូចជា អ៊ីរ៉ងដែលកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់បង្កការគំរាមកំហែងខ្លាំង ដល់អ៊ីស្រាអ៊ែល។
ផ្កាយរណបនោះមានឈ្មោះថា Ofex 16។ វាត្រូវបានបង្ហោះចូលក្នុងលំហរអាកាសកាលពីព្រឹកថ្ងៃចន្ទ ពីទីតាំង Shavit នៅកណ្តាលប្រទេសអ៊ីស្រាអ៊ែល ដែលទីតាំងនោះត្រូវបានប្រើដើម្បីបង្ហោះផ្កាយរណបពីមុនៗ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៊ែល Benny Gantz និយាយថា “ពួកយើងនឹងបន្តពង្រឹង និងរក្សាសមត្ថភាពរបស់អ៊ីស្រាអ៊ែល នៅគ្រប់តំបន់ និងគ្រប់ទីកន្លែង”។
ក្រសួងការបរទេស បានហៅផ្កាយរណបស៊ើបការណ៍នោះថា ជាផ្កាយរណបអេឡិចត្រូនិក ដែលមានសមត្ថភាពខ្ពស់។
រូបភាពដំបូងរបស់ផ្កាយរណប នឹងត្រូវទទួលបានក្នុងរយៈពេលប្រហែលមួយសប្តាហ៍៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters