មន្ត្រីការទូតកូរ៉េខាងជើងនិយាយថា ប្រទេសកូរ៉េខាងជើងគ្មានបំណងអង្គុយចរចាជាមួយនឹងសហរដ្ឋអាមេរិចទៀតឡើយ និងបានជំរុញឲ្យប្រទេសកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែក។
ការប្រកាសរបស់កូរ៉េខាងជើងកើតឡើង ខណៈដែលបេសកជនអាមេរិចគ្រោង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុងសេអ៊ូល ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្តសាជាថ្មីនូវកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលបានជាប់គាំង ជាមួយនឹងក្រុងព្យុងយ៉ាង។
លោក Kwon Jong Gun អង្គនាយកទទួលបន្ទុកកិច្ចការអាមេរិច នៃក្រសួងការបរទេសរបស់កូរ៉េខាងជើង បានធ្វើការចោទប្រកាន់កូរ៉េខាងត្បូងថា បានបកស្រាយខុសនូវសេចក្តីប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេស Choe Son Hui ដែលបានធ្វើការច្រានចោលពាក្យចចាមអារ៉ាម អំពីកិច្ចប្រជុំកំពូលមួយផ្សេងទៀតរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ។
លោក Choe Son Hui បាននិយាយកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងមិនមានអារម្មណ៍ត្រូវការកិច្ចប្រជុំកំពូលថ្មីឡើយ ដែលការប្រកាសនោះកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពេលប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីនបានស្នើឲ្យមេដឹកនាំអាមេរិច និងកូរ៉េខាងជើងជួបគ្នាម្តងទៀត មុនពេលមានការបោះឆ្នោតនៅអាមេរិច នៅខែវិច្ឆការខាងមុខ។
លោក Kwon Jong Gun និយាយក្នុងសេចក្តីប្រកាសដែលចុះផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា”វាគឺជាពេលវេលាដែលត្រូវបញ្ឈប់ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់អ្នកដទៃ ប៉ុន្តែវាហាក់ដូចជាគ្មានវិធី ឬវេជ្ជបញ្ជាសម្រាប់ព្យាបាលទម្លាប់អាក្រក់ឡើយ”។
លោកថ្លែងទៀតថា “និយាយអោយចំតែម្តងទៀតថា យើងគ្មានបំណងអង្គុយទល់មុខជាមួយអាមេរិចឡើយ”។
សូមបញ្ជាក់ថា មេដឹកនាំអាមេរិច និងកូរ៉េខាងជើងបានធ្វើការជួបគ្នាចំនួន ២ដងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ដោយកិច្ចប្រជុំកំពូលលើកទី ២ផ្តល់ក្តីសង្ឃឹមក្នុងការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែកិច្ចប្រជុំកំពូលទី ២នៅក្នុងប្រទេសវៀតណាមបានបរាជ័យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters