អ្នកនាំពាក្យរបស់ Tik Tok ដែលជាកម្មវិធីវីដេអូខ្លីដ៏ល្បីល្បាញ បាននិយាយថានឹងធ្វើការចេញពីទីផ្សារហុងកុង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដូចជា Facebook ជាដើមបានផ្អាកដំណើរការសំណើររបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ក្នុងតំបន់។
ការប្រកាសដកខ្លួនចេញរបស់ Tik Tok ដែលគ្រប់គ្រងដោយក្រុមហ៊ុនមានមូលដ្ឋាននៅចិន ByteDance ពីតំបន់បន្ទាប់ពីមានការបង្កើតច្បាប់សន្តិសុខថ្មី របស់រដ្ឋាភិបាលចិនសម្រាប់ទីក្រុងហុងកុង។
“ដោយសារព្រឹត្តិការណ៍ថ្មីៗ ពួកយើងបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការរបស់កម្មវិធី Tik Tok នៅក្នុងទីក្រុងហុងកុង”។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនបាននិយាយកាលពីអតីតកាលថា ទិន្នន័យអ្នកប្រើប្រាស់កម្មវិធី Tik Tok មិនមែនស្ថិតនៅក្នុងប្រទេសចិនឡើយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ Tik Tok និងកម្មវិធីដ៏ល្បីៗរបស់ចិនជាច្រើនទៀត នៅក្នុងប្រទេសរបស់ខ្លួន ដោយសារខ្លាចមានបញ្ហាសន្តិសុខជាតិ និងក្រោយពេលមានការប៉ះទង្គិចគ្នានៅព្រំដែនមានជម្លោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters